ក្រសួងការពារជាតិ សូមអំពាវនាវដល់ សមត្ថកិច្ច ជួយវែកមុខម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Gro Angel មកដាក់ទោសឲ្យបាន ព្រោះម្ចាស់គណនីហ្វេសប៊ុកបាន....
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះសារអំពាវនាវដល់សមត្ថកិច្ច​ ឲ្យជួយវែកមុខម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Gro Angel ដែលបានយករូបសម្តេចពិជ័យសេនា ទៀ បាញ់ ហើយបង្ហោះសារវាយប្រហារលើថ្នាក់ដឹកនាំកម្ពុជា ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។


គណនីហ្វេសប៊ុករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហោះសារថា" នាថ្មីៗនេះ មានហ្វេសបុកមួយឈ្មោះ Gro Angel បានយករូប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្នុង Facebook របស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។


អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ខ្លឹមសារចោទប្រកាន់នានា ដែលបានបង្ហោះនៅលើហ្វេសបុក ឈ្មោះ Gro Angel នេះមិនមានការពាក់ព័ន្ធជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ។


អ្នកនាំពាក្យក្រសួងការពារជាតិ សូមព្រមានដល់ជនដែលបង្កើតហ្វេសបុកមួយនេះ ឱ្យបញ្ឈប់ការប្រើប្រាស់រូប សម្តេចពិជ័យសេនាជាបន្ទាន់ ហើយអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវចំពោះ អ្នកហ្វេសបុកឈ្មោះ Gro Angel នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ"។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហោះសារថា "សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា គណនីហ្វេសប៊ុក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនីហ្វេសប៊ុក របស់ខ្ញុំនោះទេ។ ខ្ញុំមិនមានពាក់ព័ន្ធទៅនឹងរាល់ការផ្សព្វផ្សាយព័ត៌មានរបស់ គណនីហ្វេសប៊ុក ឈ្មោះ Gro Angel នេះឡើយ។ ហេតុដូច្នេះ សូមសាធារណជនជ្រាបជាព័ត៌មាន"៕


ប្រភព៖​នាយឧត្តមសេនីយ៍ ឈុំ សុជាត