នៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ ចៅក្រមសាលាដំបូង បើកការសាកសួរលោក ផែង វណ្ណៈ បន្តទៀត ក្រោយការឃុំខ្លួន នៅក្នុងពន្ធនាគារជិត២ខែ
-

ភ្នំពេញៈ ប្រភពព័ត៌មានមន្ត្រីពីសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ចៅក្រមសាលាដំបូងបានបង្គាប់ ឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនលោក ផែង វណ្ណៈ មកកាន់តុលាការ ដើម្បីសាកសួរ ក្រោយការឃុំខ្លួន នៅក្នុងពន្ធនាគារជិត២ខែ។

សំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។

សេចក្ដីសម្រេចចោទប្រកាន់នេះ បានធ្វើឡើងក្រោយពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមតុលាការ បានសាកសួរលោកផែង វណ្ណៈ តាំងពីល្ងាចថ្ងៃទី០២ ខែមេសា រហូតដល់ពេញមួយព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។

គួររំលឹកថា លោក ផែង វណ្ណៈ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក គី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕