ឃាត់ខ្លួននារីវ័យក្មេង២នាក់ ជួញដូរគ្រឿងញៀន៧គីឡូក្រាម នៅខណ្ឌឫស្សីកែវ
-

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) បានបើកប្រតិបត្តិការបង្ក្រាប ការជួញដូរគ្រឿងញៀន១ករណី នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសថ្នាំញៀនប្រហែល៧គីឡូក្រាម។

មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់ សារព័តមានថា នៅថ្ងៃទី២៨ ខែឧសភានេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យទាំង២នាក់ ដែលចាប់ឃាត់ខ្លួនមាន ១៖ឈ្មោះ ហ៊ីម ពៅ ភេទស្រី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ និង២៖ ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្រាប់វត្ថុតាងដែលដកហូត បានរួមមាន៖ ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE ប្រហែល៧គីឡូ ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ទូរស័ព្ទ៣គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន៕