សំណាងមួយក្នុងមួយមុឺនគ្រោះថា្នក់! ជនបរទេសម្នាក់ ក្នុងចំណោម៣នាក់ ត្រូវរន្ទះបាញ់ នៅកោះរ៉ុង តែមិនស្លាប់ គ្រាន់តែបាត់បង់សតិ ភ្លេចភ្លាំងរឿងខ្លះៗ!
-

ខេត្តព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ថ្មីៗនេះ នៅលើកោះរ៉ុង ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។ មានហេតុការណ៍គ្រោះធម្មជាតិដ៏រន្ធត់មួយ ដោយភ្ញៀវទេសចរបរទេសម្នាក់ ក្នុងចំណោមបីនាក់ ត្រូវរន្ទះបាញ់ឲ្យវង្វេងបាត់បង់ស្មារតី ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

បើតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅលើកោះរ៉ុង បានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទៃមេឃនៅលើកោះរ៉ុង គឺមានភ្លៀងផ្គររលឹមជាប់មិនដាច់គ្នា ក្នុងចំណោមជនបរទេសស្បែកស ទាំងបីនាក់នោះ គឺមានម្នាក់ ស្ថិតនៅចម្ងាយឃ្លាតពីដើមឈើមួយដើមប្រមាណ៣ម៉ែត្រ បានប្រើប្រាស់ទូរស័ព្ទ ស្រាប់តែត្រូវរន្ទះបាញ់បាក់ដើមឈើមួយដើមនោះ និងជនបរទេសស្បែកសម្នាក់នោះតែម្ដង។

ក្រោយពេលកើតហេតុ ជនបរទេសទាំងបីនាក់ បានជិះទូកវិលត្រឡប់ពីដំណើរកម្សាន្តតាមកោះ វិលមកលើដីគោក នាទីប្រជុំជនក្រុងព្រះសីហនុវិញ ដោយសុវត្ថិភាព ប៉ុន្តែសតិអារម្មណ៍របស់ជនបរទេសម្នាក់ ដែលត្រូវរន្ទះបាញ់នោះ មានការភ្លាំងភ្លេច ឬបាត់បង់សតិមួយចំនួន ដោយនិយាយអត់ដឹងខុសត្រូវដូចមុននោះទេ ៕