យិន ម៉ាណា ដែលបើករថយន្តបុក និស្សិតស្រី​ ឈ្មោះ ឌុំ រីដា​ ស្លាប់នៅនឹងកន្លែងកើតហេតុនោះ ពេលនេះ ត្រូវបានតុលាការសម្រេចដោះលែងពីពន្ធនាគារហើយ...
-

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែឧសភា  ឆ្នាំ២០១៩ នេះ តុលាការសម្រេចដោះលែង កញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់នោះ ឲ្យមានសេរីភាពវិញហើយ  បន្ទាប់ពីកញ្ញាត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែប៉ុណ្ណោះ។ នេះបើយោងតាមការបញ្ជាក់ពីបណ្តាញសារព័ត៏មានក្នុងស្រុមួយ បានចុះផ្សាយនៅថ្ងៃទី២៨ នេះ។


គួបញ្ជាក់ផងដែរថា​ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កញ្ញា យិន ម៉ាណា បានបើករថយន្តម៉ាក Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 យ៉ាងលឿន ទៅបុកនិស្សិតឆ្នើម ឌុំ រីដា នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូ និងមនុស្សប៉ើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។


ហើយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ កញ្ញា យិន ម៉ាណា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ៕