ខ្សឹបខ្សៀវ​..!​! លោក តាល់ អ្នកបើកល្បែងទឹកភ្លៀងដ៏ធំនៅក្រុងបាត់ដំបង អាជ្ញាធរ​និងសមត្ថកិច្ចមិនខ្វល់ជាមួយទេ...
-

បាត់ដំបង៖ ពលរដ្ឋរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា ឈ្មោះលោក តាល់ បានបើកល្បែងទឹកភ្លៀងចំណុចវាលស្រែមួយពាន់ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប៉ុន្ដែគ្មានអាជ្ញាធរក្រុងរូបណាអើពើទៅនឹងគោលនយោបាយភូមិឃុំសង្កាត់របស់រាជរដ្ឋាភិបាល ចុះទៅបង្ក្រាបនោះទេ ។


ជាមួយគ្នានោះ ប្រជាពលរដ្ឋបានលើកឡើងថា តើកត្តាអ្វីដែលនាំអោយ អធិការនគរបាលក្រុងបាត់ដំបង ក៏ដូចជាអភិបាលក្រុងបាត់ដំបង បណ្ដោយឲ្យមានការបើកល្បែងស៊ីសងយ៉ាងរលូនមិនខ្វល់ពីផលប៉ះពាល់ដល់សន្តិសុខសង្គមទៅវិញនោះ? ត្រង់ចំនុចនេះ ពលរដ្ឋលើកឡើងថា តើក្នុងមួយខែៗ លោកតាល់ ជះកញ្ចប់ថវិកាប៉ុន្មានបានជាអាជ្ញាធរ នៅស្ងៀមមិនបង្ក្រាប ឬទឹកលុយទាំងនោះបាំងភ្នែកពួកគាត់អស់ហើយ?


បើតាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ បានឲ្យដឹងទៀតថា ល្បែងភ្នាល់ទឹកភ្លៀងលោកតាល់ អាចប្រមូលលុយបានរាប់រយលានរៀលក្នុងមួយថ្ងៃៗ ព្រោះជាល្បែងភ្នាល់ទ្រង់ទ្រាយធំ ហើយពេញនិយមបំផុតសម្រាប់ការភ្នាល់ មានអ្នកចូលទៅភ្នាល់លេងយ៉ាងគគ្រឹកគគ្រេង។


ប្រជាពលរដ្ឋបានលើកឡើងថាបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា អំពើចោរកម្ម លួចប្លន់ ចោរគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយបទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនក៏រាលដាលកាន់តែខ្លាំងជាងមុនផងដែរ ដោយសារតែល្បែងនេះបានកើតឡើង។ ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ទំនងលោកតាល់ មានខ្នងបង្អែករឹងមាំជាមន្ត្រីធំៗក្នុងខេត្តបាត់ដំបង ទើបអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ហើយប្រមូលលុយពីអ្នកញៀនល្បែងក្នុងមួយថ្ងៃៗរាប់រយលានរៀល។


មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ល្បែងស៊ីសងអាប៉ោងទ្រង់ទ្រាយធំនៅ សង្កាត់អូរចារ ក្រុងបាត់ដំបងនេះ បានបើកដំណើរការលេងជាយូរមកហើយ មិនដែលមានមន្ត្រីអាជ្ញាធរក្រុងបាត់ដំបង ចាត់វិធានការទប់ស្កាត់នោះទេ។ បើនិយាយពីអធិការនគរបាលក្រុងបាត់ដំបងទើបឡើងថ្មី លោកឆាង វណ្ណឆៃ បានរក្សាភាពស្ងៀមស្ងាត់ ហើយស្នងការនគរបាលខេត្តបាត់ដំបង ក៏មិនទាន់ឃើញបើកប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសងដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះនៅឡើយទេ។ បញ្ហានេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះចាប់តាំងពីលោកតាល់ បើកល្បែងទឹកភ្លៀងចំណុចវាលស្រែមួយពាន់ គឺអំពើចោរកម្មលួចប្លន់ បទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន ព្រមទាំងអំពើហិង្សាក្នុងគ្រួសារមានការកើនឡើងគួរឲ្យភ័យខ្លាច។


ប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមនិងលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ចាត់វិធានការបង្ក្រាបល្បែងភ្លាល់ទឹកភ្លៀង ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ជាបន្ទាន់ផង ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ។​


ពាក់ព័ន្ធនិងបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន Khmer news យើងមិនអាចទាក់ទងទៅនិងអាជ្ញាធរក្រុងបាត់ដំបងដើម្បីសុំការបំភ្លឺបាននោះទេ ហើយក្រុមការងារយើងខ្ញុំនិងរង់ចាំបំភ្លឺជានិច្ច៕ 


ដោយ៖ ជីម ភារ៉ា