ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនយុវសិស្សចំនួន១០នាក់ ពេលកំពុងបង្ហោះម៉ូតូតាមផ្លូវ យ៉ាងប្រសេចប្រសាច បង្កឲ្យការភ្ញាក់ផ្អើលជាខ្លាំង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០ នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុងលេខ២៣ ស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងកាលពីថ្ងៃទី២៧ ខែឧសភា ថា ក្រុមក្មេងស្ទាវពីរក្រុមនេះ បានជិះម៉ូតូដេញវាយ កាប់ចាក់គ្នា បង្ហោះម៉ូតូបង្កអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី មានការភ្ញាក់ផ្អើល ហើយថែមទាំងមានអ្នករងរបួសថែមទៀតផង ក្រោយមកក៏នាំរត់គេចខ្លួនបាត់អស់។
លុះដល់ថ្ងៃទី២៨ ខែឧសភានេះ វេលាម៉ោង៤ និង៣០នាទីរសៀល ស្រាប់តែលេចមុខក្រុមក្មេងទំនើងពីរក្រុម មានគ្នា១០នាក់ បានជិះម៉ូតូបង្ហោះ ឌឺដងគ្នា បង្កឲ្យប្រជាពលរដ្ឋរស់នៅក្នុងបុរីមានការភ្ញាក់ផ្អើលម្តងទៀត។ ភ្លាមនោះប្រជាពលរដ្ឋក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួនបាន១០នាក់តែម្ដង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង១០នាក់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការអប់រំ និងឲ្យអាណាព្យាបាលទៅធានាយកត្រឡបទៅផ្ទះវិញរៀងៗខ្លួន៕