ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះ កម្លាំងអាវុធហត្ថរបស់លោកកំពុង បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃដល់ ដែលបាញ់ប្រហារនារីម្នាក់ នៅក្នុងក្លឹប «លុច្សសារី» ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ បណ្ដាលឲ្យរងរបួសធ្ងន់។

សមត្ថកិច្ចបានអះអាងថាជនដៃដល់មានចំនួន២នាក់ ក្នុងនោះម្នាក់ជាកូនប្រុសមន្ដ្រីជាន់ខ្ពស់ នៅក្រសួងកិច្ចការនារី និងមានក្របខ័ណ្ឌជាមន្ដ្រីយោធាទៀតផង។ សមត្ថកិច្ចបានប្រាប់ទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងតែរត់គេចខ្លួន។

សូមបញ្ជាក់ផងដែរថា នារីម្នាក់ត្រូវបានក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹប «លុច្សសារី» ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។នារីរងគ្រោះឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ដោយឡែកខ្មាន់កាំភ្លើងទាំង២នាក់នោះ បានប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ៕


