លើកមុនជាង៣លានដុល្លារ លើកនេះជិត១លានដុល្លារទៀត តើលុយនេះ វេរទៅខាងណាវិញ?
-

ភ្នំពេញៈ កាលពីវេលាម៉ោង១៥ៈ១០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយការិយាល័យគយ និងរដ្ឋាករប្រចាំនៅព្រលានយន្តហោះ បានចាប់ជនជាតិចិនម្នាក់ មានឈ្មោះ LIAO JINGQING កើតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧១ កាន់លិខិតឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ដុល្លារអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

នេះបើយោងតាមការសាកសួរបឋម ជនសង្ស័យបានសារភាពថា ខ្លួនបានចូលមកកម្ពុជាចំនួន២លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ជនសង្ស័យ មានមុខរបរនៅចិន ជាអ្នកធ្វើការផ្នែកដេគ័រ នៅសណ្ឋាគារ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានបន្តថា គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG (ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)។ ប្រាក់ខាងលើ បានបើកពីធនាគារឈ្មោះ ឡុង យៀក ក្នុងទីក្រុងហុងកុង នាំយកមកកម្ពុជា។

ចំពោះភស្តុតាង ដែលត្រូវបានដកហូតរួមមាន លិខិតឆ្លងដែនចិនចំនួន១ក្បាល, ប្រាក់ចំនួន៨៥៥,០០០ដុល្លារអាមេរិក (៧២ដុំ) ទូរស័ព្ទដៃចំនួន០១គ្រឿង និងកាបូបធំចំនួន០២។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត ៕