ខេត្តកណ្ដាលៈ កាលពីរំលងអធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ករណីចោរកម្ម ចូលគាស់បង្អួច នៅក្នុងបន្ទប់គណនេយ្យ នៅក្នុងក្រុមហ៊ុន RX (ផលិតឥដ្ឋ) ម្ចាស់មានឈ្មោះ ឡៅ ស៊ីហ្គុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងភ្នំពេញ។ បាត់បង់លុយដុល្លារ ចំនួន១៤៥១០០ដុល្លារ និងសម្ភារមួយចំនួន។

ប្រភពបញ្ជាក់ថា វេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា មានជនមិនស្គាល់ បានលួចគាស់បង្អួចបន្ទប់ដាក់ទូដែក (មើលតាមកាំមេរ៉ាសុវត្ថិភាព)។ លុះដល់វេលាម៉ោង៧ៈ១៥ព្រឹក ថ្ងៃទី២៩ ខែឧសភា ទើបបុគ្គលិកមកបម្រើការងារចាក់សោរ ហើយបើកទ្វារមិនរួច មានការសង្ស័យ ទៅមើលពីក្រោយឃើញស្នាមគាស់បង្អួច ទើបរាយការណ៍ទៅសមត្ថិកិច្ចប៉ុស្តិ៍។
ចំពោះករណីនេះកម្លាំងជំនាញសហការស្រាវជ្រាវតាមនីតិវិធី ដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

