មាសជាង៣គីឡូក្រាម ត្រូវចោរកាត់ចំរឹងបង្អូតផ្ទះ ចូលទៅគាស់ទូរទុកមាស យកទៅបាត់គ្មានរំខានដល់ម្ចាស់ផ្ទះ និងសមត្ថកិច្ច
-

ខេត្តតាកែវៈ កាលពីវេលាម៉ោងជាង៥ទៀបភ្លឺ ស្ថិតនៅចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ក្រោយពីម្ចាស់ផ្ទះមានឈ្មោះ នាង ឈាង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់មាសនិងប្តូរប្រាក់។ ងើបពីគេង បានស្រែកផ្អើលឆោឡោពេញផ្ទះ ដោយគ្រឿងអលង្កាជាមាសជាង៣គីឡូក្រាម ត្រូវបានក្រុមចោរចូលលួចយកដោយសុវត្ថិភាព។ ដោយក្រុមចោរបានធ្វើសកម្មភាពកាត់ចំរឹងបង្អូតផ្ទះ ចូលទៅគាស់ទូរទុកមាស និងលុយយកអស់គ្មានសល់ ខណៈដែលម្ចាស់កំពុងតែដេកលងលក់ រួឃើញទូមាសរបស់ខ្លួនត្រូវបែកបាក់។  ដោយឡែកគ្រឿងមាសត្រូវបានជនរងគ្រោះប្រាប់ថា បានបាត់បង់ចំនួន៣,៥គីឡូក្រាម (បីគីឡូក្រាមកន្លះ)។

បើតាមការបង្ហាញពីកាំមេរ៉ាសុវត្ថិភាពបញ្ជាក់ថា ក្រុមចោរចូលធ្វើសកម្មភាពវេលាម៉ោង១ៈ២០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដោយដំបូងពួកគេចាប់កាត់ចំរឹងបង្អូតផ្ទះ ហើយចូលទៅទំលុះទូរទុកមាសនិងលុយ ក្នុងផ្ទះប្រមូលយកគ្មានសល់ រួចក៏បានចេញក្រៅគេចខ្លួនបាត់តែម្តង។

ក្រោយហេតុការណ៍នេះកើតឡើង មតិប្រជាពលរដ្ឋស្រុកសំរោង បានឲ្យដឹងថា នៅស្រុកសំរោង ខេត្តតាកែវ សព្វថ្ងៃអំពើចោរកម្មហាក់កំរើកខ្លាំងឡើងវិញ ព្រោះមានល្បែងស៊ីសងកើតឡើងយ៉ាងច្រើន តាំងពីជល់មាន់ បៀរ អាប៉ោង និងកន្ទុយលេខ ដោយមិនដែលឃើញកម្លាំងមានសមត្ថកិច្ចណា ធ្វើការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់លោក កេត ម៉ៅ ប្រធានគណៈបញ្ជាការឯកភាពស្រុក និងលោកអធិការនគរបាលស្រុក មឿង សារុន ជួយចុះបង្ក្រាបផង ជាពិសេសលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជួយដាក់បទបញ្ជាក្តៅក្នុងការបង្ក្រាបអំពើចោរកម្មនិងល្បែងស៊ីនៅស្រុកសំរោង ឲ្យបានម៉ឺងម៉ាត់ផង បើមិនចឹងទេ ភូមិ ឃុំគឺមិនមានសុវត្ថិភាពឲ្យស្របតាមគោលនយោបានរបស់ប្រមុខដឹកនាំឡើយ។