ចំថ្ងៃស៊យ លួចចំនារីជើងខ្លាំង នាំសមត្ថកិច្ចទៅអូស.ក ចូលគុកទាំង៤នាក់
-

ភ្នំពេញៈ កាលពីវេលាម៉ោង២ៈ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះកំពុងសាងសង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការភ្ញាក់ផ្អើលមួយ ដោយនិស្សិតស្រីរូបស្រស់ម្នាក់ មានឈ្មោះ គង់ រស្មី ភេទស្រី អាយុ២៣ឆ្នាំ ជានិស្សិតសាលាច្បាប់ ឆ្នាំទី៣។ ត្រូវបានក្រុមចោរមានគ្នា៤នាក់ បានធ្វើសកម្មភាពលួចកាបូបលុយ ទូរស័ព្ទ បានសម្រេច  តែត្រូវនារីរងគ្រោះមានចិត្តក្លាហាន ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ទាំងយប់ និងនាំសមត្ថកិច្ចតាមចាប់ក្របួចជនសង្ស័យបាន នៅវេលាម៉ោង៣ៈ១០នាទី នៅក្នុងផ្ទះសំណាក់ ខូយ ឡាក់ តាមផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យដែលត្រូវចាប់ខ្លួន ទី១.ឈ្មោះ ហេង សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ ព្រំ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង។ ទី៣.ឈ្មោះ វិន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង។ ទី៤.ឈ្មោះ ជា ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រាំង។

សមត្ថកិច្ច ដកហូតប្រាក់រៀល១០ម៉ឺនរៀល ទូរស័ព្ទចំនួន៣គ្រឿង បានដកហូតមកវិញ តែលុយបាត់៤០០ដុល្លារ ជារបស់នារីរងគ្រោះ។

នារីរងគ្រោះបានឲ្យដឹងថា ផ្ទះរបស់នាងកំពុងសាងសង់មិនទាន់បានដាក់ទ្វារនៅឡើយ។ មុនពេលកើតហេតុ នាងបានដាក់កាបូបលុយ និងទូរស័ព្ទនៅលើក្បាលដំណេក លុះពេលនាងភ្ញាក់ដឹងខ្លួន ស្រាប់តែឃើញក្រុមជនសង្ស័យលួចកាបូបលុយ និងទូរស័ព្ទនាង ហើយនាំគ្នាបើកម៉ូតូរត់គេចបាត់ទៅ។ ពេលនោះនាងទូរស័ព្ទប្តឹងប៉ូលិសប៉ុស្តិ៍សំរោង តែដោយទូរស័ព្ទនាងដាក់ I Cloud នាងក៏ឆែកមើលដឹងគោលដៅជនសង្ស័យរត់ទៅសំងំលាក់ខ្លួន នៅផ្ទះសំណាក់ ខូយ ឡាក់ ភូមិព្រៃបឹង សង្កាត់កន្ទោក ទើបនាំប៉ូលិសប៉ុស្តិ៍សំរោង សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍កន្ទោក ចាប់ក្របួចជនសង្ស័យតែម្តង។

ជនសង្ស័យទាំង៤នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍សំរោងក្រោមវិញ ជាកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់ ៕