ឆ្កែកន្ទុយខ្វៀននៅខ្វៀន! ចេញពីគុកបានមួយខែ ទាស់សម្ដីជាមួយគេ រត់ទៅលួចកាំភ្លើងAK ពីប៉ុស្តិ៍យាមនៅផ្សារសំរោងយ៉ោង យកទៅបាញ់ប្តីប្រពន្ធ២នាក់ រត់ចែកផ្លូវគ្នាសឹងមិនទាន់
-

ខេត្តតាកែវៈ កាលពីវេលាម៉ោង២២ៈ៥០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី។ ជនសង្ស័យម្នាក់ មានឈ្មោះ សែម រ៉ាបូរ ហៅឆក ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារពីបទអំពើហិង្សា ហើតទើបតែចេញពីពន្ធនាគារបាន១ខែតែប៉ុណ្ណោះ។ បានទៅទាក់ពាក្យសម្តីជាមួយគេបន្តិចបន្តួច ស្រាប់តែចូលទៅលួចកាំភ្លើងAK ពីប៉ុស្តិ៍យាមនៅផ្សារសំរោងយ៉ោង យកទៅបាញ់ប្តីប្រពន្ធរងគ្រោះមានឈ្មោះ សោម ដារ៉ា និងប្រពន្ធឈ្មោះ ឈិន ស្រូយ ដល់ក្នុងផ្ទះជាច្រើនគ្រាប់ ធ្វើឲ្យជនរងគ្រោះភិតភ័យព្រលឹងចេញស៊ីព្រលឹត នាំគ្នារត់គេចពីគ្រាប់កាំភ្លើង បាតជើងសព្រាត។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទំនាស់ពាក្យសម្តីជាមួយភ្ញៀវ ក្នុងហាងរបស់ជនរងគ្រោះ ហើយពេលនោះ ប្តីប្រពន្ធជនរងគ្រោះបានដេញជនសង្ស័យឲ្យចេញ ទើបជនសង្ស័យខឹង ក៏បានធ្វើសកម្មភាពលួចយកកាំភ្លើង AK47 មានលេខ ១៩៦៣ របស់ប៉ុស្តិ៍យាមការពារសន្តិសុខសណ្តាប់ធ្នាប់ផ្សារសំរោងយ៉ោង ដែលទុកនៅក្នុងប៉ុស្តិ៍ ហើយបានយកទៅបាញ់ប្តីប្រពន្ធជនរងគ្រោះ ដល់ក្នុងផ្ទះជាច្រើនគ្រាប់ តែសំណាងល្អ មិនបណ្តាលឲ្យជនរងគ្រោះ មានរបួសនោះទេ ធ្វើឲ្យប្តីជនរងគ្រោះមានការភិតភ័យ នាំគ្នារត់គេចពីគ្រាប់កាំភ្លើង ទាំងបាតជើងសព្រាត គ្រាន់តែគ្រាប់កាំភ្លើងខ្ទាតទៅចំទ្វារស័ង្កសី បណ្តាលឲ្យធ្លុះជាច្រើនកន្លែង និងបែកកញ្ចក់ខាងមុខរថយន្តម៉ាកហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AL-0411 ជារបស់ជនរងគ្រោះ។

ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទី ធ្វើការឃាត់ខ្លួនពីបទប៉ុនប៉ងឃាតកម្ម និងដកហូតកាំភ្លើងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕