បញ្ជូនខ្លួនមន្ដ្រីនគរបាលសក្តិ៤កន្លះម្នាក់ ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពីបើករថយន្ដ ក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស
-

ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ដ្រីនគរបាលសក្តិ៤កន្លះ ឈ្មោះ លី លាងឆេង ត្រូវបានស្នងការនរគរបាលក្រុង បញ្ជារអោយបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្រោយពីមន្ដ្រីនគរបាលសក្តិ៤កន្លះរូបនេះ បានបើករថយន្ដ ក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ដោយហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុមន្ដ្រីនគរបាលនោះ បានចូលខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រោយបញ្ចប់ការសួរនាំនៅថ្ងៃនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនអ្នកបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារអ្នកបង្ក ក៏បានចេញមុខសងសំណងជំងឺចិត្ត ទៅក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ផងដែរ ៕