បុរសសាច់ឆ្កែម្នាក់ រត់ចោលប្រពន្ធកូន ទៅតាមស្រីក្មេងបាត់ដំណឹងជាង១ឆ្នាំ! ស្ងាត់ៗនាំប្រពន្ធចុង មកជួលបន្ទប់ក្បែរប្រពន្ធដើម នែបនិត្យស្នេហា ផ្អែមល្ហែម បញ្ឈឺប្រពន្ធទ្រាំមិនបានផ្ទុះហិង្សា គប់ផ្លោងដុំថ្មដាក់គ្នា និងជេរផ្អើលដល់ប៉ូលិសចុះអន្តរាគមន៍
-

ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ១៥នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅសំណង់មិនរាបរយជាប់មាត់ទន្លេសាប ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសជាអ្នកលក់សាច់ឆ្កែម្នាក់ មានឈ្មោះ មិន ពៅ អាយុ៣៥ឆ្នាំ បន្ទាប់ពីមានប្រពន្ធមានកូនក្នុងពោះ៧ខែ រួចបានទៅលួចលាក់មានស្រីថ្មី ចុះចោលផ្ទះជាង១ឆ្នាំ និងកូនស្រីអាយុ២ខែម្នាក់ ហើយនាំនាងមករស់នៅផ្ទះក្បែរប្រពន្ធដើម រួចនែបនិត្យបញ្ឈឺចិត្ត រហូតប្រពន្ធទ្រាំលែង ក៏ផ្ទុះកំហឹងជេរបញ្ចោរគ្នា ផ្អើលដល់សមត្ថកិច្ច ហៅទៅធ្វើការអប់រំ។ ប្រពន្ធដើម មានឈ្មោះ នួន វ៉ិត អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានកូនប្រុសម្នាក់ អាយុ១១ខែ និងមានប្រពន្ធចុងឈ្មោះ ហៃ ស្រីណាក់ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានកូនស្រីម្នាក់ អាយុ២ខែ អ្នកទាំង៥ ស្នាក់នៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមស្ត្រីជាប្រពន្ធដើម បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានរួមរស់ជាមួយប្តីកំហូចខាងលើ អស់រយ:ពេល៥ឆ្នាំមកហើយ ដោយមិនបានរៀបអាពាហ៍ពិពាហ៍នោះទេ រហូតដល់នាងមានកូនប្រុស ក្នុងផ្ទៃ៧ខែ លោកប្តីកំហូចរបស់នាង បានរត់ចោលទៅនៅរួមរស់ជាមួយស្រីថ្មី ដែលជាប្រពន្ធចុងបាត់ស្រមោលរហូតបានប្រមាណជាង១ឆ្នាំ នៅពេលដែលកូនប្រុសសម្រាលរួច មានអាយុ១១ខែ ទើបលោកប្តីកំហូចខាងលើ នាំនាងជាប្រពន្ធចុងរួមទាំងកូនស្រីម្នាក់ អាយុ២ខែ មករួមរស់ជួលផ្ទះក្បែរនាងជាប្រពន្ធដើម នែបនិត្យគ្នាបញ្ឈឺចិត្តរាល់ថ្ងៃ រហូតដល់នាងជាប្រពន្ធដើម ទ្រាំលែងបាន បង្ហូរទឹកភ្នែកយំ ហើយក៏ផ្ទុះកំហឹងជេរប្រមាថគ្នាទៅវិញទៅមក និងយកដុំថ្មគប់គ្នា តែមិនបង្កឲ្យរបួសទេ ភ្លាមៗនោះត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ហៅមកប៉ុស្តិ៍ធ្វើការអប់រំ ៕