លោក ពេជ្រ ស្រស់ ថា ករណីប៉ុនប៉ងចាប់រំលោភលើក្មេងស្រីនោះ កុំបញ្ចប់ត្រឹមលុយឲ្យសោះគឺត្រូវតែ អូស ក​ ជនល្មោភកាមនោះមកផ្តន្ទា ទោសឲ្យបានជាដាច់ខាតដើម្បីកុំឲ្យ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថែមទាំងជាសមាជិកនៃស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងពាក់ព័ន្ធនឹងករណីរំលោភលើក្មេងស្រីមិនបានសម្រេច ដោយមានការសងសំណង ជំនួសវិញថា "កុំបញ្ចប់ត្រឹមលុយឲ្យសោះគឺត្រូវតែ អូសករជនល្មោភកាមនោះមកផ្តន្ទា ទោសឲ្យបានជាដាច់ខាតដើម្បីកុំឲ្យ មានទម្លាប់ទៅថ្ងៃក្រោយទៀត។ បើ គ្មានទោសប្រហារជីវិតលើជនប្រព្រឹត្ត ទេ​ គួរណាស់ក៏កុំសម្រួលឲ្យនៅក្រៅ ច្បាប់នោះដែរ​ ដូច្នេះសូមសមត្ថកិច្ច នៅមូលដ្ឋានកើតហេតុត្រូវចាត់ការ លើជនប៉ងរំលោភកុមារីនេះឲ្យបាន ដើម្បីកាត់បន្ថយនូវអំពើតិរច្ឆាននេះ ហើយកុំឲ្យជនល្មោភកាមបានចិត្ត។ ចំពោះប្រាក់សំណង​ខ្ញុំធានាចេញឲ្យ​គ្រួសារកុមារីនេះ។ ពេជ្រ​ ស្រស់ 03/06/2019"។


គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ ស្រាប់តែមានករណីប៉ុងប៉ងចាប់រំលោភកុមារីមួយបានកើតឡើង ស្ថិតនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កុមារីជនរងគ្រោះ បានទៅដេកនៅក្នុងមុង សំយ៉ាបខាងមុខផ្ទះ ជាមួយជីដូន ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ។ ពេលនោះជីដូន បានឮសំលេងចៅស្រែកចេញពីក្នុងមុង ក៏ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញជនសង្ស័យមានឈ្មោះ លី វុត្ថា អាយុ២៧ឆ្នាំ កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័ ០១គ្រឿង និងអាវ០១។ លុះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយ និងឪពុកជនរងគ្រោះ បានមកប៉ុស្ដិ៍ប៉ូលីសត្រើយស្លា ធ្វើកិច្ចសន្យាបញ្ចប់រឿង ឯកភាពគ្នាសងលុយ ២៥០ដុល្លារ ឲ្យទៅជនរងគ្រោះ ហើយមិនប្ដឹងផ្ដល់អ្វីឡើយ៕


ប្រភព៖ Pich Sros - ពេជ្រ ស្រស់