ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ មានឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ក្រោយពីបើករថយន្ត LEXUS ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AW-4332 បុករ៉ឺម៉កកង់បី បណ្តាលអោយបុរសម្នាក់ រងរបួសធ្ងន់។ បន្ទាប់មកសមត្ថកិច្ចចុះឆែរឆេរបែរជារកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ។ ដោយហេតុការណ៍នេះ កើតឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្ស។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយជនជាត់ចិន បើករថយន្តទៅបុកម៉ូតូកង់បីមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្ក ព្រមទាំងរថយន្តផងដែរ។ ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន។

ភ្លាមនោះ សមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត និងជាលទ្ធផលបង្ហាញអោយឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី។ ក្រោយមកសមត្ថកិច្ចបានសួរចម្លើយ និងពន្លាតដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរ ដល់លំនៅដ្ឋានជនសង្ស័យ ស្ថិតនៅខណ្ឌច្បារអំពៅ។
កិច្ចប្រតិបត្តិការបន្តនេះ ដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១,៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ៕




