ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដល់កុមារពិការស្វិតដៃ-ជើង កុមារដែលមានសតិមិនគ្រប់គ្រាន់ និងបុគ្គលិកស្ម័គ្រចិត្ត សរុបចំនួន ២២៥នាក់ ក្នុងនោះមានបុគ្គលិក ៥០នាក់មានជនបរទេសផងដែរ កំពុងរស់នៅក្នុងមជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» នៃអង្គការទន្សាយ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» គឺជាកន្លែងសម្រាប់មើលថែទាំកុមារទាំងការរស់នៅ ហូបចុក និងការមើលថែទាំជំងឺផ្សេងៗ ដល់កុមារតូចៗ សុទ្ធសឹងជាកុមារជាក្មេងអាណាថា បាត់បង់អាណាព្យាបាល ឬពិការភាពស្វិតដៃ-ជើងជាដើម។ ទីតាំងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់នាយដ្ឋានសុខុមាលភាពកុមារ នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដែលកាលពីអំឡុងនោះ គេហៅថា «មជ្ឈមណ្ឌលសង្គ្រោះទារក» លុះមកទល់នឹង ឆ្នាំ២០០៨ ទើបសម្រេចប្តូរឈ្មោះថា «បុរីទារក និងកុមារជាតិ» ជំនួសវិញ៕
















ប្រភព៖ Bun Rany Hun Sen, President of Cambodian Red Cross