បច្ចុប្បន្ននេះ មានក្មេងស្រីជាច្រើន ដែលត្រូវបានជនល្មោភកាមចាប់បង្ខំ និងរំលោភសេពសន្ថវៈ រងទុក្ខវេទនា ឈឺផ្សារក្រៃលែង។ ក្មេងស្រីជាច្រើននាក់ត្រូវបានមករស់នៅក្នុងមណ្ឌល Afesip Cambodia របស់លោកស្រី ម៉ម សុម៉ាលី ក្រោមការមើលថែរបស់លោកស្រី ទើបធ្វើឲ្យពួកគាត់មានភាពប្រសើរឡើងវិញ ។
នៅក្នុងបទចម្រៀងមួយបទ ដែលរៀបរាប់ពីខ្សែរជីវិតរបស់ក្មេងស្រីរងគ្រោះដោយការរំលោភបំពានផ្លូវភេទ ពីសំណាក់ អ្នកមានគុណ ព្រះសង្ឃ និងអ្នកជិតខាង ធ្វើឲ្យពួកគាត់មានការឈឺចាប់ជាប់នៅក្នុងចិត្ត និងជាស្រមោលតាមជាប់ខ្លួនជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់និងការឈឺចាប់ដែលមិនអាច បំភ្លេចបាននោះ គឺមានក្មេងស្រីខ្លះត្រូវបានម្តាយបង្កើតខ្លួនឯង យកទៅលក់ ដោយគ្មានអាសូរដល់ទឹកចិត្តកូនស្រីអ្វីបន្តិចសោះ ។
ចំរៀង "ជំនោរជីវិត" បានរៀបរាប់ពីក្តីទុក្ខ វេទនា របស់ក្មេងស្រីរងគ្រោះ ដោយការរំលោភបំពាន។ ក្តីទុក្ខវេទនានេះ ត្រូវបានធ្វើការបកស្រាយតាមរយៈតារាចម្រៀង កញ្ញា ហ៊ិន លីដា ជាអតីតបេក្ខនារីដ៏លេចធ្លោមួយរូបក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលពី ២ ។
ភាពលន្លង់លន្លោចនៅក្នុងបទចំរៀងមួយបទ ពិតជាធ្វើឲ្យបេះដូងអ្នកដែលជាម្តាយ និងមហាជនបានយល់កាន់ច្បាស់ពីជម្រៅទឹកចិត្តកូនស្រី ដែលត្រូវបានគេរំលោភ បំពានគ្មានត្រាប្រណៃនោះ។ ទឹកដមដ៏ក្រអួនក្រៅរបស់កញ្ញា ហ៊ិន លីដា បានធ្វើឲ្យមហាជនជាច្រើនស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែនៅក្នុងបទចំរៀងមួយបទនេះ ពិតជាមានអត្តន័យ និងមានន័យជាខ្លាំង ហើយនេះក៏ជាក្តីឈឺចាប់មួយនៅក្នុងជីវិតរបស់ក្មេងស្រីដែលមិនអាចបំភ្លេចបាន។
ដោយឡែក នៅក្នុងបទចំរៀងមួយបទនេះ ក៏មានក្មួយៗ ប្អូនៗ ស្រីតូចភ្នែកខ្មៅជាច្រើន បានចូលរួមចែករំលែកតាមរយៈបទចំរៀង ដោយបានរៀបរាប់ពីទុក្ខលំបាកនានា ដែលខ្លួនបានជួបនាពេលកន្លងមក ក្រោមការគៀបសង្កត់ពីសំណាក់ ជនល្មោភកាមទាំងនោះ ផងដែរ។
ទន្ទឹមនឹងការចែករំលែកនូវក្តីទុក្ខវេទនានោះផងដែរ ក្មេងស្រីរងគ្រោះ ក៏បានសូមអំពាវនាវដល់ បងៗបុរសៗ លោកពូ លោកពុក ជីតា និងអ្នកជិតខាងទាំងអស់ ដែលមានគំនិតចង់រំលោភលើក្មេងស្រីនោះ សូមបញ្ឈប់នូវគំនិតទាំងអស់នេះ។ ក្នុងនាមក្មេងស្រីរងគ្រោះក៏សូមអរគុណ ដល់លោកស្រីម៉ម សុម៉ាលី ដែលបានចិញ្ចឹមបីបាច់ និងមើលថែ កូនៗ ដោយក្តីស្រលាញ់ អាណិត និងមេត្តាដល់ពូកគាត់ ក្តីស្រលាញ់មួយនេះ ពិតជាគ្មានអ្វីមកកាត់ថ្លៃបានឡើយ ។

ជាចុងក្រោយនេះ សូមឲ្យលោកពុក អ្នកម្តាយ ទាំងអស់ ស្រលាញ់កូនឲ្យច្រើន និងត្រូវផ្តល់ក្តីស្រលាញ់ដល់កូន ទាំងអស់គ្នា កុំព្រោះតែតណ្ហាមួយឆាវ ធ្វើឲ្យជីវិតក្មេងស្រីម្នាក់រស់នៅមានតែក្តីទុក្ខ សោកសង្រែង ភាពភ័យខ្លាច អស់មួយជីវិតនោះ៕
សូមទស្សនាវិដេអូខាងក្រោមនេះ និងស្តាប់ពីឈឺចាប់របស់ក្មេងស្រីជាច្រើនរូប ដែលគាត់បានជួបនឹងរឿងនេះផ្ទាល់ ៈ