កំពង់ចាមៈ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ។ បុរសកំហូចម្នាក់ មានឈ្មោះ ជុំ បូណា ហៅប៉ិត អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ.ឃុំកើតហេតុខាងន។ បានទិញស្រាទៅផឹកស៊ីនៅផ្ទះក្លើ លុះពេលបុរសជាក្លើឱ្យស្រវឹងជោកជាំលែងដឹងខ្លួន ក៏ឡើងលើផ្ទះបន្លំខ្លួនជាប្តីធ្វើសកម្មភាពរួមរ័កជាមួយប្រពន្ធក្លើ មានឈ្មោះ យ.រ អាយុ៤៧ឆ្នាំ មុខរបរកសិករ រហូតដល់បានសម្រេចតណ្ហា។ លុះព្រឹកឡើងស្រ្តីជាប្រពន្ធនឹកសង្ស័យ បានសួរនាំប្តីរឿងរួមរ័កកាលពីយប់ ទើបដឹងថា ក្លើកំហូចរបស់ប្តីជាអ្នកបន្លំខ្លួនមករួមរ័កជាមួយនាង ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនល្មោភកាមនេះ ចាត់ការតាមច្បាប់។

បើតាមស្ត្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទិញស្រាសយកមកផឹកស៊ីជុំគ្នាជាមួយប្តីគាត់ នៅក្រោមផ្ទះរបស់គាត់។ ចំណែកគាត់ជាប្រពន្ធ ក៏បានចូលរួមផឹកស៊ីស្រវឹងស្រឿងៗ ក៏ឡើងទៅលើផ្ទះដេកមុនប្តីទៅ។ ចំណែកប្តី និងជនសង្ស័យ នៅបន្តផឹកស៊ីមិនដឹងជាផឹកចប់ នៅម៉ោងប៉ុន្មាននោះទេ។ ស្ត្រីរងគ្រោះបន្តថា លុះដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក៏មានមនុស្សប្រុសមកសម្រាតសារុងគាត់ហើយរួមភេទរហូតបានសម្រេច តែពេលនោះ គាត់មិនមាត់មិនកអ្វីសោះ ព្រោះនឹកស្មានថាប្តី។ លុះព្រឹកឡើង គាត់មានការសង្ស័យថា មនុស្សប្រុសដែលរួមរ័កជាមួយគាត់ កាលពីយប់មិញ កាយវិការដូចជាខុសប្លែកសព្វដង ក៏ដាច់ចិត្តសួរទៅប្តីថា យប់មិញធ្វើអ្វី ស្រាប់តែប្តីបានឆ្លើយប្រាប់ថា ផឹកស្រាវឹងសន្លប់ស្តូកបាត់ឈឹង មិនដឹងរឿងទេ ទើបធ្វើឱ្យគាត់សង្ស័យថា ក្លើប្តីជាអ្នកបន្លំខ្លួនមករួមរ័កជាមួយគាត់ ទើបគាត់ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលតាប្រុក ជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះខាងលើ កម្លាំងព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនសង្ស័យនាំមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងទៅលើផ្ទះ បន្លំខ្លួនរួមរ័កជាមួយស្ត្រីរងគ្រោះមែន។ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
