តើមានរឿងអ្វីឲ្យប្រាកដទៅ! ប្តី​ប្រពន្ធ​មួយគូ ប្រាប់ក្រុមគ្រួសារ​ទៅ​ដក​លុយ​ថ្លៃ​លក់​ដី​បាន នៅធនាគារ ABA សាខា​ទួលគោក ​ស្រាប់តែ​បាត់​ដំណឹង​មិនអាច​ទំនាក់ទំនង​បាន​ ដោយ​គ្មាន​មូលហេតុ
-

តាមគេហទំព័រស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ៖ ប្តី​ប្រពន្ធ​មួយគូ​ក្រោយ ពី​ប្រាប់​ក្រុមគ្រួសារ​ថា ​ទៅ​ដក​លុយ​ថ្លៃ​លក់​ដី​ពី​គណនី នៅ​ធនាគារ​រួចមក ក៏​បាត់​ដំណឹង​មិនអាច​ទំនាក់ទំនង​បាន​ ដោយ​គ្មាន​មូលហេតុ ចាប់តាំងពី​ពីថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ។​

​ប្តី​ប្រពន្ធ​ដែល​បាត់​ខ្លួន​មានឈ្មោះ ហ៊ិ​ន ភា​និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​(​ប្តី​) ប្រឡង​ជាប់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ អង្គភាព នាយកដ្ឋាន​សរុប​ផែនការ មាន​ទីលំនៅ​ផ្ទះ​លេខ​១១៧E3Z ផ្លូវ​លេខ​១៣៦ ភូមិ​២ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ លី ច​ន្ធូ អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា។​

​តាម​ប្រភពពី​ក្រុមគ្រួសារ បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ គឺ​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​០០​នាទី ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ប្រាប់ថា ពួកគេ​ទៅ​ដក​លុយ​នៅ​ធនាគារ ABA សាខា​ទួលគោក លុយ​គេ​វេ​ចូល​កុង​ថ្លៃ​លក់​ដី។ ពេលនោះ​ក្រុមគ្រួសារ នៅ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​បាន​ធម្មតា រហូតដល់​ម៉ោង​១៤​និង​០០​នាទី ក៏​ទាក់ទង​តាម​ទូរស័ព្ទ​លែង​បានតែ​ម្តង។​

​ប្រភព​ខាងលើ​បាន​បន្តថា ចាប់តាំងពី​ថ្ងៃ​បាត់​ខ្លួន​ (០៣.០៦.២០១៩) រហូតមកដល់​ពេលនេះ គឺ​គ្មាន​ព័ត៌មាន​ពី​ពួកគេ ​(​ប្តី​ប្រពន្ធ​ដែល​បាត់​ខ្លួន​) ​ទាំងពីរ​នាក់​នេះ​ទេ និង​ទូរស័ព្ទ​ក៏​មិនអាច​ទាក់ទង​បានដែរ ៕​

ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ