ហួសចិត្តម៉ង ដល់ចេញចរិតចឹងមក! មន្ត្រី​ក្រឡាបញ្ជី​ម្នាក់ ឃើញផ្លូវកកស្ទះខំចុះពីលើម៉ូតូមកធ្វើចរាចរណ៍​ ស្រាប់តែលេចមុខជើងខ្លាំង​ ជិះ TACOMA ចុះពីលើររថយន្ដ មក​សម្លុតថា «​អ្ហែង​ចេះ​ស្អី?​» រួចក៏....!
-

ភ្នំពេញៈ កាលពីវេលា​ម៉ោង១០ៈ៤០​នាទី​យប់​ ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ​បេតុង​គ្មាន​លេខ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ មានករណីទាស់ពាក្យសម្ដីគ្នាមួយ ដោយមន្ត្រី​ក្រឡាបញ្ជី​នៅ​សាលាដំបូង​រាជធានី​ម្នាក់ កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ PCX មួយ​គ្រឿង ពេល​ឃើញ​ផ្លូវ​កកស្ទះ​ចរាចរណ៍​ខ្លាំង លោក​ក៏​មានចិត្ត​ឈប់​ម៉ូតូ​ចុះ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​បញ្ចៀស​កុំ​ឲ្យ​ស្ទះ ស្រប​ពេល​នោះ​ដែរ​ មាន​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ខ្លាំង បើករថយន្ត​មួយ​គ្រឿង​ម៉ាក TACOMA ចុះ​មក​សម្លុតថា «​អ្ហែង​ចេះ​ស្អី?​» រួច​ក៏​រុញ​ម៉ូតូ​លោក​ក្រឡាបញ្ជី​ឲ្យ​ដួល ទើប​ឈាន​ដល់​កើត​មានការ​ឈ្លោះប្រកែក​គ្នា ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចេញ​មក​ចោមរោម​មើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ជួយ​អន្តរាគមន៍ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រាជោកជាំ បាន​បើករថយន្ត​មួយ​គ្រឿង ម៉ាក TACOMA ព​ណ៍​ស បិត​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-5737 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿងទៀត (​មិន​ចាំ​ម៉ាក​) បាន​បើក​ចេញ​មក ហើយ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ PCX មួយ​គ្រឿង ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GR-1659 មក​ឈប់​ម៉ូតូ​អែប​ពីក្រោយ រួច​ចុះ​ដើរទៅ​ជួយ​បញ្ចៀស​ឲ្យ​បើក​ទៅ​ផុត កុំអោយ​ទើស​គ្នា តែ​បែរជា​បុរស​ម្នាក់ ​ស្រវឹងស្រា បើករថយន្ត TACOMA បែរជា​ខឹង​មិន​បាន​ទៅ​មុន ទើប​ឈប់​រថយន្តហើយ​ចុះ​មកសម្លុតថា «​អ្ហែង​ចេះ​ស្អី?» រួច​ក៏​រុញ​ម៉ូតូ PCX នោះ​ឲ្យ​ដួល ទើប​ឈាន​ដល់​កើត​មានការ​ឈ្លោះប្រកែក​គ្នា​ឡើង បង្ក​ការ​រំខាន​ដល់​ដំណេក​របស់​ប្រជាពលរដ្ឋ ទើប​នាំ​គ្នា​បើកទ្វារ​ចេញ​មក​ចោមរោម​មើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ចុះ​មក​ជួយ​អន្តរាគមន៍ទាំង​យប់។

ក្រោយមក​គេ​ឃើញ សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ចុះ​មក​កន្លែង​កើតហេតុ ហើយ​បាន​សួរនាំ​ភាគី​ទាំង​សងខាង និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ហើយ​ភាគី​ទាំង​សងខាងនៅ​តែ​ប្រកែក​គ្នា ដោយ​ម្ខាង​អាង​ខ្លួនជា​ក្រឡាបញ្ជី​នៅ​សាលាដំបូង​រាជធានី និង​ម្ខាង​អាង​មាន​ខ្នង​ធំ ទើប​ឡាំប៉ា​មិន​សុខចិត្ត​រៀង​ៗ​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ឡើង រហូត​មាន​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​មក​ដល់​បន្តបន្ទាប់​គ្នា ហើយ​បាន​សួរនាំ​ឲ្យ​ភាគី​ខាងម្ចាស់​ម៉ូតូរៀបរាប់​ប្រាប់ ពី​ដំណើរ​រឿងហេតុបានដឹង​ហើយ ក៏​នាំ​គ្នា​ទៅ​ធ្វើការ​សាកសួរ បុរស​ដែល​ទំនង​ស្រវឹងស្រាជា​អ្នក​បើករថយន្ត TACOMA នោះ តែ​បុរស​នោះប្រាប់​តែ​មួយ​ម៉ាត់​ពី​ម៉ាត់ ហើយ​ព្យាយាម​ដើរ​គេច​ចេញ។

ប្រភព​បន្ត​ថា ភ្លាម​នោះបុរស​ដែល​ស្រវឹងស្រា​នោះ ដើរ​ត្រលប់​មក​វិញ រួច​ឡើង​បញ្ឆេះ​រថយន្ត ទោះជា​សមត្ថកិច្ច​ព្យាយាម​រារាំង​ឃាត់​រថយន្ត​ដែរ តែ​បុរស​នោះ​មិន​ខ្វល់​ឡើយ បាន​ជាន់​ហ្គែ​របើក​រថយន្ត​ចេញ​ទៅ កៀរ​ទាំង​សមត្ថកិច្ច​នគរបាល​ ដែល​កំពុង​រារាំង​នោះ​បើក​ចេញ​ទៅ​លឿន​ស្លេវ​តែ​ម្ដង។ ភ្លាម​នោះ​ក៏​មាន​ក្រុម​អ្នក​យក​ព័ត៌មាន​ ចេញ​ម៉ូតូ​ជិះ​ប្រដេញ​តាម​ពីក្រោយ​ដែរ តែ​ដោយសារ​តែ​មិនសូវ​ស្គាល់ផ្លូវ​ក្នុងភូមិ​សាស្ត្រ​នោះ​ច្បាស់ ទើប​រថយន្ត​បើក​ទៅ​បាត់​ស្រមោល​តែ​ម្តង។

ក្រោយ​កើតហេតុ បុរស​វ័យ​ចំណាស់​ដែល​អះអាង​ថា​ខ្លួន ជា​ក្រឡាបញ្ជីនៅ​សាលាតំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថាលោក​និង​យក​វិ​ដេ​អូសកម្មភាព នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព (Go Pro) ដែល​ភ្ជាប់​លើ​មួក​សុវត្ថិភាព​របស់​លោក យក​មក​រៀបចំ​ជា​ឯកសារ ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ ​៕