ភ្នំពេញៈ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា ជ្រលងសម្ពាធទាបនៅតែអូសបន្លាយមកលើកម្ពុជា ខណៈខ្យល់មូសុងនីរតី បង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ។
១.ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។
២.បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្ដាលភាគខាងកើត ជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនោះកន្លែងខ្លះអាចមានបរិមាណច្រើន។
៣.បណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ។
៤.បណ្ដាខេត្តភាគខាងលើនៅឦសានជាប់វៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។
៥.បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន។ ខណៈនៅលើផ្ទៃសមុទ្រ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ផ្ទៃមេឃមានពពកមីរដេរដាស់ លាយឡំនឹងភ្លៀងខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់៕