អគ្គីភ័យឆាបឆេះការ៉ាស់លាងម៉ូតូ និងប្ដូរប្រេងម៉ាសុីនរថយន្ត នៅជិតរង្វង់មូលផ្សារដើមថ្កូវ រងកាខូចខាតយ៉ាងទាំងស្រុង...
ស៊ីហៀង
-

ភ្នំពេញ ៖ ការ៉ាស់លាងម៉ូតូ និងប្ដូរប្រេងម៉ាសុីនរថយន្តមួយកន្លែងជាប់ផ្លូវលេខ៤៣០ កែងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង និងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ​ និងកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវលាម៉ោង៣រសៀល​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​នេះ​។


​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតមានករណីនេះ គឺម្ចាស់ការ៉ាស់ខាងលើ បានឲ្យជាងផ្សារដែកមកផ្សារដំបូល ក្រោយមក ដោយមានការធ្វេសប្រហេសរបស់ជាងដែកធ្វើឲ្យកម្ទេចផ្សារធ្លាក់មកប៉ះនិងធុងប្រេង ទើបបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ធ្វើឲ្យក្រុមកម្មករ និងជាងដែករត់ចេញស្ទើរតែមិនទាន់ ។​


ភ្លាមៗនោះដែរ ប្រជាពលរដ្ឋដែលក្បែរកន្លែងហេតុការណ៍ខាងលើក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយយករថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ផងដែរ ព្រោះពួកគាត់ភ័យខ្លាចរាលដាលដល់ផ្ទះជាប់ៗគ្នា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមៗ ខាងកម្លាំងអន្តរាគមន៍នៃរថយន្តពន្លត់អគ្គីភ័យបានចេញរថយន្តជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយមានកម្លាំងអន្តរាគមន៍២នាក់រងរបួសស្រាល និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២០គ្រឿង បាញ់ពន្លត់រយះពេល៤០នាទី ក៏រលត់ទៅវិញតែម្ដង ប៉ុន្តែគួរឲ្យសោកស្ដាយអគ្គីភ័យបានលេបត្របាក់អស់ទាំងស្រុងទៅហើយ។


ការខូចខាតទ្រព្យសម្បត្តិខាងលើ គឺ ការ៉ាស់លាងម៉ូតូ និងប្ដូរប្រេងម៉ាសុីនទាំងមូលត្រូវឆេះខ្ទេចគ្មានសល់ តែមិនបង្កឲ្យអ្នកធ្វើការនៅក្នុងទីតាំងខាងលើរងរបួសនោះឡើយ ៕


ដោយ៖ ភត្រ្តា