បុគ្គលល្បីឈ្មោះ លោក ផែង វណ្ណៈ ត្រូវសាលក្រមកាត់ក្តី ប្រកាសថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ
-

ភ្នំពេញៈ កាលពីវេលាថ្ងៃត្រង់ ទី១៤ ខែមិថុនា នេះ តុលាការបានបញ្ចប់ការកាត់ទោសលោក ផែង វណ្ណៈ ហើយ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យប៉ះពាក់កិច្ចនាមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងការកាត់ទោសនេះដែរ លោក ផែង វណ្ណៈ បានសារភាពទោសកំហុសរបស់ខ្លួន ដោយស្នើសុំតុលាការដោះលែង ព្រោះបញ្ហាសុខភាព ក្រោយបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោក ផែង វណ្ណៈ សរសេរក្នុងលិខិតសុំទោសថា "ខ្ញុំមានការសោកស្តាយជាពន់ពេក នូវកំហុសឆ្គងកន្លងមក និងសុំការខន្តីអភ័យទោសពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក"។ លោកបានបន្តថា "សូមសម្តេចតេជោ មេត្តាយោគយល់ សណ្តោសប្រណីនូវកំហុសឆ្គង ដើម្បីអោយខ្ញុំបានជួបជុំក្រុមគ្រួសារ ព្រមទាំងបានឆាប់ទៅបន្តព្យាបាលជំងឺប្រចាំកាយ"។

តែទោះជាយ៉ាងណា សាលក្រមលោកចៅក្រម លី សុខលេង ត្រូវបានប្រកាសនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។ ថាតើលោក ផែង វណ្ណះ ត្រូវបានសម្ដេចអនុគ្រោះឲ្យនៅក្រៅឃុំ ឬជាប់បន្ដនោះទេ ៕