ប្តីចិត្តតិរច្ឆាន កាប់ចិញ្ច្រាំប្រពន្ធស្លាប់ក្នុងថ្លុកឈាម យ៉ាងឃោរឃៅ ព្រោះរឿងប្រច័ណ្ឌ នៅខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ...!
-

ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯង យ៉ាងឃោរឃៅ កាលពីថ្ងៃម្សិលមិញពេលនេះ សមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។

កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦:២០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងវរសេនាតូចគាំទ្រកាំភ្លើងធំ (យោធភូមិ២) ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័ឈ្មោះ ព្រាប ម៉ាយ ភេទប្រុសអាយុ២៣ឆ្នាំ ជាតិខ្មែរនៅចំនុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញឃុំជីរោទី២ស្រុកត្បូងឃ្មុំ ខណ:ពេលជនសង្ស័យប្រុងឡើងជិះរថយន្តឈ្នួលទៅខេត្តសៀមរាប។ ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី។

គួររំលឹកផងដែរថាករណី ប្តីចិត្តតិរច្ឆាន កាប់ចិញ្ច្រាំប្រពន្ធស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងប្រច័ណ្ឌ កើតឡើងកាលពីវេលាម៉ោង១៣ៈ៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ ភ្លើងប្រច័ណ្ឌយូរៗទៅ ក៍បានឆេះសន្ធោសន្ធៅ ធ្វើឲ្យបុរសជាប្តីអប្រិយ មានចិត្តសាហាវឃោឃៅ ទាញយកកាំបិតបុ័ងតោ កាប់ប្រហារស្តី្រ ជាប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់។ ចំពោះជនសង្ស័យជាប្តីនោះ ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ និង ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ។

បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ដ៍រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចចំហៀងទីស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមការបញ្ជាក់ពីលោក ជុំ យុទ្ធ អាយុ៥៨ឆ្នាំ ត្រូវជាឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់យ៉ាងឃោរឃៅតែម្តង ។

ឪពុកជនរងគ្រោះបាន បញ្ជាក់ឲ្យដឹងថា មូលហេតុគឺផ្តើមចេញពីជម្លោះរឿងប្រច័ណ្ឌតែម្តង ម៉្យាងទៀតបុរសជាកូនប្រសារនេះ គេក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ