ភ្នំពេញៈ កាលពីវេលាម៉ោង១០ៈ៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០១១ ចំណុចជិតសាលាមុំ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយជនជាតិចិន២នាក់ មិនស្គាល់អត្ដសញ្ញាណ បើករថយន្តស៊េរីទំនើបមួយគ្រឿង លឿនដូចហោះ ទៅបុកម៉ូតូមួយគ្រឿង ដែលជិះដោយយុវជន២នាក់ មានឈ្មោះ យិន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ម្នាក់ទៀត មានឈ្មោះ ស្រេង ជាវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ម៉ូតូ)។ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង គួរឲ្យសង្វេគណាស់។

បើតាមប្រភព ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិន២នាក់ បើករថយន្តទំនើបម៉ាក RANGE ROVER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2R-0777 ធ្វើដំណើរទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាង បានវ៉ាជែងចូលមកខាងចំណីម៉ូតូបានបុកម៉ូតូឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HT-0788 ជិះដោយយុវជន២នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា ពេញទំហឹងបណ្ដាលឲ្យយុវជន២នាក់ បាក់កស្លាប់នៅនិងកន្លែង រីឯខាងភាគីជនជាតិចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ក្រាំងធ្នង់ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍។

សពរងគ្រោះក្រោយពេលកើតហេតុសាកសព ត្រូវបានម្តាយជនរងគ្រោះម្នាក់ មកទទួលជាមួយទិដ្ឋភាព ដ៏គួរឲ្យខ្លោចផ្សារ ដោយម្តាយយុវជនដែលស្លាប់នោះ បានរៀបរ៉ាប់ថា កូនរបស់គាត់ជាជាងផ្សារដែរ ដោយធ្វើការពេញមួយសប្តាហ៍ តែឲ្យតែសៅរ៍ឬអាទិត្យ តែងតែជិះម៉ូតូមកលេងគាត់ហើយ តែមិនស្មានជួយគ្រោះអកុសលបែបនេះសោះ។ រូបគាត់បន្តថា គ្រួសារគាត់ក្រីក្រណាស់ ពុំមានលទ្ធភាពដឹកសពកូនទៅស្រុកកំណើត និងធ្វើបុណ្យនោះទេ នេះបើតាមកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និយាយបណ្តើរអួលដើមកស្រក់ទឹកភ្នែកបណ្តើរ ដែលឃើញហើយពិតជាខ្លោចផ្សាណាស់ ៕



