ខេត្តព្រៃវែងៈ កាលពីវេលាម៉ោង៣ៈ៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំឡាញ់ ឃុំរការ ស្រុកពារាំង។ យុវជនម្នាក់ មានឈ្មោះ ណាង ឆៃដែន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួន តាមពាក្យបណ្តឹងរបស់បុរសម្នាក់ មានឈ្មោះ នីម ពុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ ដោយចោទប្រកាន់ថា យុវជននេះបានលួងលោមកូនស្រីរបស់គាត់ មានអាយុ១៣ឆ្នាំ យកទៅរួមរ័ក រួចនាំកូនស្រីគាត់ទៅលាក់ទុក នៅស្រុកកំណើតរបស់ខ្លួន។

លោកឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនយុវជនសង្ស័យខាងលើ ធ្វើឡើង គឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់ឈ្មោះ នីម ពុទ្ធី ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើយុវជនសង្ស័យថា បានលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ យកទៅរួមភេទ ហើយបន្តនាំយកមកលាក់ទុក នៅស្រុកកំណើតរបស់ខ្លួន ស្ថិតនៅភូមិសំឡាញ់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនយុវជនសង្ស័យបាន គ្រាដែលយុវជនសង្ស័យកំពុងនៅជាមួយក្មេងស្រីរងគ្រោះ នៅនឹងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសំឡាញ់ ឃុំរការ ស្រុកពារាំង ហើយបាននាំយុវជនសង្ស័យនាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច យុវជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំក្មេងស្រីរងគ្រោះ ទៅរួមភេទបានសម្រេចចំនួន២ដងប្រាកដមែន។ បន្ទាប់មកក៏បាននាំក្មេងស្រីរងគ្រោះ យកមកទុកនៅផ្ទះរបស់ខ្លួនឯស្រុកកំណើត ស្ថិតក្នុងភូមិសំឡាញ់ ឃុំរកា និងរស់នៅជាមួយគ្នារហូតដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
សង្ស័យត្រូវសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារ នាំយកទៅកាន់លំនៅដ្ឋានវិញ ៕