មនុស្សឥឡូវទុកចិត្តមិនបានទេ! សុំម្ដាយឳពុក ទៅលេងផ្ទះមិត្ដភក្ដិមួយម៉ោង ស្រាប់តែបាត់ដំណឹងឈឹង ទាំងមនុស្ស ទាំងម៉ូតូ មួយយប់ មួយថ្ងៃ
-

ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ ភ័ណ្ឌ ផេន អាយុ៤១ឆ្នាំ មានមុខរបរមេការសំណង់ និងប្រពន្ធមានឈ្មោះ រួន សារ៉ន អាយុ៣៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានកាន់រូបថតកូនស្រីឈ្មោះ ភ័ណ្ឌ សុផារ៉ា អាយុ១៩ឆ្នាំ មានមុខរបរ កម្មការិនីរោងចក្រកាត់ដេរ ក្នុងទឹកមុខស្រងូតស្រងាត់ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ បន្ទាប់ពីកូនស្រីជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីនិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-1708 និងទូរស័ព្ទម៉ាក អាយហ្វូន១គ្រឿង ចេញពីផ្ទះបាត់១ថ្ងៃ ១យប់គ្មានដំណឹង។ 

  

បើតាមឪពុកក្មេងស្រី បានឲ្យដឹងថា នៅវេលាវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ០១៩ កូនស្រីរបស់គាត់ បានសុំលុយម្តាយគេចំនួន៥ដុល្លារ ទៅលេងផ្ទះមិត្តភក្តិនៅខណ្ឌសែនសុខ ដោយប្រាប់ម្តាយថា សុំទៅតែ១ម៉ោងទេ ត្រឡប់មកផ្ទះវិញហើយ។ លុះរហូតដល់ម៉ោង២រសៀល មិនឃើញត្រឡប់មកផ្ទះវិញ ម្តាយក៏បានតេទូរស័ព្ទទៅលេខកូនស្រី ដោយប្រាប់ថា កូនឆាប់ប្រញាប់មកផ្ទះវិញជិតល្ងាចហើយ ពេលនោះកូនស្រីបានឆ្លើយតបមកម្តាយវិញថា ចាំបន្តិចទៀតកូនត្រឡប់ទៅផ្ទះវិញហើយ។

ប្រភពបានបន្តថា រហូតដល់ម៉ោង៣ៈ៣០នាទីរសៀល ថ្ងៃដដែល ម្តាយបានតេទៅលេខទូរស័ព្ទ កូនស្រីម្តងទៀត ស្រាប់តែតេលែងចូល ហើយរូបគាត់ និងប្រពន្ធ បានជិះម៉ូតូដើររកគ្រប់ច្រកល្ហក តែរកមិនឃើញរហូតដល់ម៉ោង១១ៈ០០នាទីយប់ថ្ងៃដដែល រូបគាត់និងប្រពន្ធ បានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែទី១ ឲ្យជួយអន្តរាគមន៍ ៕