អធិការដ្ឋាននគរបាលស្រុកឈូក បានចេញបកស្រាយដើមចម នៃបញ្ហារឿងប្រជាពលរដ្ឋ ព្រួតគ្នាវ៉ៃ នាយកសាលាបឋមសិក្សាមហាព្រហ្ម “គ្រូស្រៀង មហាព្រហ្ម” តាមពិតរឿងចង់បានថ្លៃ ....!
-

ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ គណនីហ្វេសបុករបស់នាយកសាលាម្នាក់ មានឈ្មោះ “គ្រូស្រៀង មហាព្រហ្ម” ដែលជានាយកសាលាបឋមសិក្សាមហាព្រហ្ម ស្ថិតនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានបង្ហោះសារខ្លីមួយ ដោយសរសេរពីការឈឺចាប់ នៃការព្រួតវាយធ្វើបាប យកជើងជាន់ក្បាល និងយកខ្សែមកចងស្លាបសេក គ្មានអ្នកជួយសោះ ដោយរូបលោកបានសរសេរថា ៖

“នេះឬតម្លៃគ្រូបង្រៀន!សូមបងប្អូនជួយshareម្នាក់មួយមក នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក។ ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។ (វៃវាឲ្យងាប់ទៅ)នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក ។ ជនល្មើសជាច្រើនបានរួចខ្ញួន ឯខ្ញុំក្លាយជនមានកំហុសនិងដេកពេទ្យយ៉ាងកម្សត់។តើខ្ញុំខុសអី គ្រាន់តែការពារទ្រព្យសម្បត្តិសាលា ហេតុអីក៏ពួកគេមិនយល់បែរជាមកប្រមាថខ្ញុំដូចសត្វធាតុ ខ្ញុំឈឺចាប់ណាស់! គេវាយនាយកសាលាម្នាក់ទាំងហ្វូង យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង គ្មានអ្នកជួយសោះ ចុងក្រោយបានពូធី គាត់ដូរចិត្តមកជួយខ្ញុំក្នុងហ្វូងមនុស្សវិញ កុំអីប្រហែលស្លាប់ព្រោះមានទាំងកាំបិត និងដែកបំពង់ទីបផង ពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។”

ទាក់ទងនឹងរឿងនេះ “អធិការដ្ឋាននគរបាលស្រុកឈូក ” បាន​ធ្វើការបកស្រាយបំភ្លឺជូនសាធារណៈជនមេត្តាវិភាគ និងទទួលជ្រាបយ៉ាងដូច្នេះថា ៖ ក្នុងនាមខ្ញុំជាអធិការនគរបាលស្រុកឈូក សូមជម្រាបជូនពីដំណើររឿងមានដូចតទៅ ៖ កន្លងមកលោកចៅអធិការវត្តមហាព្រហ្ម បានរៀបចំធ្វើពិធីបុណ្យឆ្លងសាលា​ឆាន់ ដោយមានពុទ្ធបរិស័ទ​និងលោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ជាអ្នកមូលមតិគ្នាផ្តើមបុណ្យ ​។ បន្ទាប់ពីមានការរៀបចំកម្មវិធីបុណ្យនេះឡើង លោកមេភូមិព្រៃពាយ បានធ្វើការស្នើសុំលោកនាយកសាលាបឋមសិក្សាមហាព្រហ្ម ​ដើម្បីដាក់សិល្បះល្ខោនកំសាន្ត និងកន្លែងកំសាន្តផ្សេងៗ នៅក្នុងបរិវេនសាលា ព្រោះបរិវេនវត្តនិងសាលារៀនគឺនៅជាប់គ្នា ​ហើយលោកនាយក​សាលារូបនេះ ក៏បានអនុញ្ញាត ។​ លុះ​មកដល់​ម៉ោង ១៧:៣០ នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ (ជាថ្ងៃបុណ្យឆ្លងសាលាឆាន់ ​) លោកនាយកសាលារូបនេះ​ ​អះអាងថាការដាក់លក់ដូរនិងដាក់កន្លែងកំសាន្តសម្រាប់ក្មេងលេងមិនបានសុំអនុញ្ញាតពីគាត់ រួចគាត់ក៏បានមកទាររកសេវាពីប្រជាពលរដ្ឋដែលជាអ្នកលក់ដូរនិងកន្លែងកំសាន្តសម្រាប់ក្មេងលេង ចំនួន ១៥ មុឺនរៀល​ តែពួកគាត់មិនឲ្យ ហើយរូបក៏មានការខឹងសម្បារ និងបានធ្វើការទាត់បំផ្លិចបំផ្លាញ​​កន្លែងលក់ដូររបស់ប្រជាពលរដ្ឋ និងបានធ្វើការរុះរើរោង និងតូបលក់ដូររបស់ប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសដោយខ្លួនឯងមិនមានអ្នកណាម្នាក់មកបង្កហឹង្សាលើរូបគាត់ឡើយ​ ។ ក្រោយមកលោក នាយកសាលារូបនេះ បានមករកដុតរោងសិល្បះល្ខោនដែលកំពង់លេងនៅទីនោះ​ទៀត ​ប៉ុន្តែត្រូវបានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចធ្វើការហាមឃាត់និងសម្របសម្រួលគាត់កុំឲ្យប្រព្រឹត្តបែបនេះ​ទៀត ។ បន្ទាប់មកក៏មានអ្នកមកជម្លៀសគាត់ចេញពីទីនោះតែម្តង ។

សូមបញ្ជាក់ជូនថា: ដើមចមនៃបញ្ហានេះគឺផ្តើមចេញពីការទារលុយប្រជាពលរដ្ឋដែលដាក់លក់របស់របរនៅទីនោះ​ ។ បច្ចុប្បន្នជុំវិញបញ្ហាដែលបានកើតឡើងនេះ​ប្រជាពលរដ្ឋ លោកមេភូមិ លោកចៅអធិការវត្ត និងលោកតាអាចារ្យវត្តកំពុងដាក់ពាក្យនិងសំណូមពរឲ្យដោះដូរលោកនាយកសាលារូបនេះ ចេញពីសាលារៀនបឋមសិក្សា​ មហាព្រហ្ម ។ ចំពោះករណីនេះសមត្ថកិច្ចយើងនិងបន្តធ្វើការស្រាវជ្រាវអំពីសកម្មភាពលើកឡើងខាងលើដើម្បីចាត់ការតាមនិតិវិធីច្បាប់។ សូមអរគុណ!