ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជាយើង ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើប្រទេសឡាវ និងវៀតណា ជាមួយនិងរបបខ្យល់មូសុងនិរតី បក់ក្នុងកម្រិតមធ្យម។

លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ២០-២៦ ខែមិថុនា ឆ្នាំ ២០១៩ មានលក្ខណៈដូចខាងក្រោម
១- បណ្តាខេត្ត-ក្រុងនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ ។ ទន្ទឹមនោះ ក៏អាចមានផ្នែកខ្លះខ្លាំង។
២- បណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន ក៏នឹងអាចមានភ្លៀងផងដែរ តែក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣- បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ពិសេសតំបន់ទំនាបកណ្តាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបនឹងបន្តបង្កើនការប្រុងប្រយ័ត្ននូវបណ្តាបាតុភូត ដូចបានជម្រាបជូនខាងលើ៕



