ល្អាងភ្នំឈ្ងោក ស្លាកស្នាមនៃអរិយធម៌នគរភ្នំ ដែលគ្រប់គ្នាមិនដែលស្គាល់
-

សម្រាប់ខេត្តកំពត មនុស្សម្នារទូទៅតែងស្គាល់ខេត្តនេះ តាមរយៈតំបន់ទេសចរណ៍នានា ដូចជាភ្នំបូកគោ មាត់ព្រែក ទឹកឈូ ជាពិសេសគឺក្រុងកំពតផ្ទាល់ដែរមានអគារសម័យអណានិគមនិយមបារាំងបន្សល់ទុកជាច្រើន។ តែប្រសិនមើលស៊ីជម្រៅខេត្តកំពតក្រៅពីទេសចរណ៍ទាំងនេះ ខេត្តនេះក៏ជាតំបន់ប្រវត្តិសាស្ត្រមនុស្សជាតិដែលមិនគួររំលងក្នុងការសិក្សាស្វែងយល់ ទាំង វប្បធម៌អរិយធម៌ សាសនា និងជំនឿ។

នឹកនាពីល្អាង​នៅឯភ្នំ​ឈ្ងោកវិញដែល​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ​ចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែល​មានចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ​​ពី​​ទី​រួមខេត្ដ​កំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។

ទោះមានជណ្តើរឡើងពិតមែន តែប្រសិនបើចុះទៅវិញតាមជណ្តើរអ្នកនឹងខកខានក្នុងការស្វែងយល់ថាមានអ្វីខ្លះក្នុងរូងភ្នំនេះ ព្រោះថាល្អាងភ្នំនេះមានរូងភ្នំចំនួនពីរដែលអ្នកអាចឡើងចុះ ទៅកាន់តួប្រាសាទ ដែលខាងក្នុងរូងភ្នំគឺមានសភាព ងងឹត​ និងរដាក់រដុបបន្តិច តែទោះយ៉ាងណាអ្នកប្រាកដជាអាចទៅមុខបាន ដោយអ្នកប្រហែលជាត្រូវការអ្នកស្រុកក្នុងតំបន់ដើម្បីជួយនាំផ្លូវ ជាមួយនឹងពិលដើម្បីបំភ្លឺផ្លូវ។ អ្វីដែលអ្នកនឹងឃើញគឺថ្មដែលមានរូបរាងចម្លែកៗ ក៏ដូចជាសត្វប្រជៀវទាំងហ្វូង ដែលរូងទាំងនោះគឺជាជម្រករបស់វា។ អ្នកនឹងប្លែកភ្នែកជាមួយនឹងថ្មមួយកន្លែងដែលមានពន្លឺភ្លឺផ្លេកៗដូចជាគ្រាប់ពេជ្រ ពេលត្រូវពន្លឺពិលចាំង គួរឲ្យចង់គយគន់។ មកដល់ផ្លូវចេញអ្នកនឹងឃើញផ្ទាំងថ្មដែលមានពណ៌ពីរខណ្ឌចែកពីគ្នាត្រង់ដូចបន្ទាត់ គឺដោយសារពេលដែលមានភ្លៀងធ្លាក់ខ្លាំង ល្អាងនេះដក់ទឹកបង្កើតបានជាអាងទឹក ពេលដែលទឹកនោះរីង ទស្សនីយ៍ភាពថ្មពីរពណ៌នេះនឹងលេចចេញជារូបរាង។

នៅខេត្តកំពត ប្រាសាទក្នុងល្អាងភ្នំមិនមែនមានតែនៅភ្នំឈ្ងោកនេះទេ ជាក់ស្តែងក៏មាននៅក្នុងល្អាងភ្នំទទុង និង ល្អាងភ្នំខ្ចង ផងដែរ។ ដូចនេះសម្រាប់ក្រោយៗប្រសិនបើអ្នកបានទៅស្វែងយល់ពីខេត្តកំពតកុំភ្លេច ឈៀងចូលតំបន់ប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើ ក៏ដូចជាសារមន្ទីរខេត្តកំពតដែលដាក់តាំងនូវតឹកតាង និងឯកសារប្រវត្តិសាស្ត្រជាច្រើនដែលអ្នកមិនធ្លាប់ដឹងអំពីខេត្តកំពត។

ប្រភពៈ Kampucheers