អាជ្ញាធរខេត្ត ព្រះសីហនុបោះបង់ ផាត់គ្រួសារ ជប៉ុន ចោល ខណៈហាងលក់អាហាររបស់គាត់ ត្រូវអាគារ៧ជាន់ដួលរលំសង្កត់លើបាក់ខ្ទេចខូចខាតទាំស្រុង...
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ ជនជាតិជប៉ុនម្នាក់បើកភោជនីយដ្ឋានឈ្មោះ "គូកៃ" នៅក្បែរ អគារចិនកម្ពស់៧ជាន់ដែលដួលរលំស្ថិតនៅតាមបណ្ដោយផ្លូវ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីរាត្រីទៀបភ្លឺថ្ងៃទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏ត្រូវបានអគារ៧ជាន់នោះដួលរលំសង្កត់លើខូចខាតទាំងស្រុងផងដែរ ហើយខណៈនោះ ជនជាតិជប៉ុនម្ចាស់ហាងមានប្រពន្ធកូនតូច និងបុគ្គលិកខ្មែរប្តីប្រពន្ធ និងកូនតូចកំពុងដេកលង់លក់នៅទីនោះ ហើយសំណាងណាស់បានរួចផុតជីវិតពីឧប្បត្តិហេតុនោះដោយលូនចេញពីទីនោះទាំងភ័យតក់ស្លុត។ ប៉ុន្តែសម្ភារៈទ្រព្យសម្បត្តិមួយចំនួនខូចខាតទាំង ស្រុង។

ជនជាតិជប៉ុនម្ចាស់ភោជនីយដ្ឋាន ឈ្មោះ "គូកៃ" នៅក្បែរ អគារចិនកម្ពស់៧ជាន់ដែលដួលរំនោះមានឈ្មោះTOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះYU TO អាយុ១៤ឆ្នាំ រួមនឹងបុគ្គលិកជនជាតិខ្មែរពីរនាក់ប្ដីប្រពន្ធ និងកូនតូចផងដែរ(មិនបានប្រាប់ឈ្មោះ) ពួកគាត់មិនទាន់បាត់ភាពភ័យតក់ស្លុតនៅ ឡើយទេ បន្ទាប់ពីព្រឹត្តិការណ៍ដួលរលំអគារចិន៧ជាន់មកលើ ហាងលក់អាហាររបស់គាត់។ ជនជាតិជប៉ុនរូបនោះលើកឡើងថា ពួកគាត់ក៏ជាជនរងគ្រោះដែរ តែគ្មានអ្នកសួរនាំគ្រួសារគាត់ និងជួយគាត់ទេ គឺជួយតែអ្នករងគ្រោះក្នុងអគារបង្កតែប៉ុណ្ណោះ។ មកទល់ពេលនេះគ្រួសារគាត់ និងបុគ្គលិកបានបាត់មុខរបរទាំងស្រុង។

លោក TOMO TAKA ARRI បានត្អូញត្អែថា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩ ជាថ្ងៃនៃការបិទបញ្ចប់ការសង្គ្រោះមនុស្សក្នុងអគារ៧ជាន់ដួលរលំនោះ ពួកគាត់មានការតូចចិត្តយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពួកគាត់មានបញ្ហា អត់ឃើញអ្នកមកយកឈ្មោះពួកគាត់ដែលរួចផុតជីវិតពីគ្រោះថ្នាក់ដោយអគារសង្កត់ ហើយមិនមានសមត្ថកិច្ចណាមកសួរនាំយកឈ្មោះពួកគាត់ទៅចុះក្នុងបញ្ជីអ្នករងគ្រោះផងដែរ។ ហើយពួកគាត់បានបន្តត្អូញត្អែថាគាត់មិនមែនជាអ្នកមានលុយកាក់ធូរធារនោះទេ គាត់ជាអ្នករកស៊ី និងជួលផ្ទះគេបើកហាងតែប៉ុណ្ណោះ។ ដូច្នេះសូមថ្នាក់ដឹកនាំធ្វើយ៉ាងណាជួយសម្រួលដល់ពួកគាត់ក្នុងគ្រាលំបាកខ្វះខាតនេះ។ ហើយមកទល់ពេលនេះ ក៏ពុំទាន់មានព័ត៌មានទាក់ទងទៅនឹងសំណងមកកាន់ពួកគាត់ជាជនរងគ្រោះដែរ។

គួររំលឹកផងដែរថា ប្រតិបត្តិការរុករកជនរងគ្រោះដែលអគារកម្ពស់០៧ជាន់បាក់សង្កត់នៅខេត្តព្រះសីហនុនោះត្រូវបានបិទបញ្ចប់នៅវេលាម៉ោងប្រមាណជា០៧យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើការសង្គ្រោះរយៈពេលពីរថ្ងៃពីយប់មក។ ជនរងគ្រោះដែលបានក្រុមការងារជួយសង្រ្គោះចេញពីកម្ទេចអគារបាក់បែកមានចំនួនសរុប៥៤នាក់ក្នុងនោះអ្នកស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរបួសចំនួន២៦នាក់ (ស្រី០២នាក់)ជនរងគ្រោះទាំងនេះកម្មករសំណង់ រាជរដ្ឋាភិបាលបានឧបត្ថមទឹកប្រាក់ទាំងអ្នកស្លាប់ និងអ្នករបួស៕ ប្រភពពី ៖ Mlob Khmer News