អូក្រឡានាងក្រមុំ១៥ឆ្នាំ បានខ្លួន២ដង ឳពុកខាងស្រីប្ដឹងដាក់គុក
-

ខេត្តប៉ៃលិនៈ កាលពីវេលាម៉ោង៩ៈ១០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ យុវជនម្នាក់ មានឈ្មោះ ល័ក្ខ ហៅម៉ូន អាយុ២៥ឆ្នាំ រស់នៅក្រុងប៉ៃលិន។ ត្រូវបានឪពុកខាងស្រី មានឈ្មោះ ជុំ ភក្តី អាយុ៣៥ឆ្នាំ សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនយុវជនកំហូចនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្រោយពីបាននិយាយលួងលោមល្បួងកូនក្រមុំរបស់គាត់ មានឈ្មោះ សៀន វ៉ន អាយុ១៥ឆ្នាំ ចេញពីផ្ទះ យកទៅនែបនិត្យប្រាណចំនួន២លើក។

បុរសជាឪពុកក្មេងស្រីខាងលើ បានឲ្យដឹងថា កូនស្រីគាត់មិនខំប្រឹងប្រែងរៀនសូត្រទេ គឺចូលចិត្តដើរលេងជាមួយមិត្តភក្តិ រួចសុំគាត់ជាឪពុកឈប់រៀនតែម្តង។ ក្រោយពីឈប់រៀនបានប្រហែល២ទៅ៣ខែ កូនស្រីគាត់ត្រូវយុវជនខាងលើ (ជនសង្ស័យ) និយាយលួងលោមសុំស្នេហ៍ ហើយបានល្បួងចេញពីផ្ទះ ដោយទៅស្នាក់នៅផ្ទះរបស់បុរសម្នាក់ឈ្មោះ ធៀម ឈិន អាយុ៦១ឆ្នាំ និងស្ត្រីឈ្មោះ ជុត តុត អាយុ៧៧ឆ្នាំ នៅភូមិបាណោក ឃុំតាលស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាអ៊ុំរបស់យុវជនខាងលើ។ 

លុះនៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៩ បុរស-ស្ត្រីខាងលើ បាននាំយុវជនខាងលើ និងកូនស្រីគាត់ មកផ្ទះគាត់សុំធ្វើការសម្របសម្រួលស្តីដណ្តឹងកូនស្រីគាត់ និងសន្យាប្រគល់ប្រាក់ថ្លៃបណ្តាការ ចំនួន៣៧០០ដុល្លារ និងមាសចំនួន២.៥ជី។

ប្រភពខាងលើបន្តថា ក្រោយមកភាគីខាងជនសង្ស័យ មិនគោរពសន្យារបស់ខ្លួនទេ ដោយគេនិយាយថា គេគ្មានលុយរៀបការទេ ចង់ប្តឹងទៅណាក៏ប្តឹងចុះ រួចយុវជនកំហូចនោះ បានល្បូងកូនស្រីគាត់ រត់ចេញពីផ្ទះជាលើទី២ បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញឡើយ ទើបគាត់ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

លោកអេង ភាវ នាយការិយាល័យជួញដូរមនុស្ស និងការពារអានីតិជន នៃស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ លោកបានចាត់កម្លាំងជំនាញចុះទៅធ្វើការស្រាវជ្រាវបន្ថែមជាមុនសិន ទើបដឹងថា ត្រូវដោះស្រាយរឿងនេះតាមវិធីណា ៕