ភ្នំពេញៈ កាលពីវេលាម៉ោង៨ៈ១៥នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ វ័យអាយុជាង៣០ឆ្នាំ តូចចិត្តប្រពន្ធចោទថា លួចមានស្រីថ្មី បានសម្រេចចិត្តរត់ចេញពីផ្ទះ ទៅលោតទឹក នៅលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន មិនបានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំនៅក្រោមស្ពានជ្រោយចង្វារ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញខាងលើ បានជិះរថយន្តឈ្នួលមកដល់រង្វង់មូលកួចកាណុង រួចដើរពីត្រើយខាងលិចទៅខាងកើត ខណៈពេលដើរបានពាក់កណ្តាលស្ពាន ក៏ធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន ប៉ុន្តែភាមៗនោះដែល ក៏ត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ នៅគល់ស្ពានជ្រោយចង្វារ រង្វង់មូលព្រហ្មមុខបួន។
បើតាមការរៀបរាប់ប្រាប់ ទាំងទឹកភ្នែករបស់បុរស ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន មិនបានសម្រេច បានឲ្យដឹងថា រូបគាត់មានស្រុកកំណើតនៅស្រុកកំពង់ក្តី ខេត្តសៀមរាប។ មូលហេតុដែលគាត់ចង់សម្លាប់ខ្លួន ដោយសារតែតូចចិត្តនឹងប្រពន្ធ រួមទាំងម្តាយក្មេកបានចោទថា រូបគាត់លួចមានស្រីថ្មី ធ្វើឲ្យគាត់ខូចចិត្ត សម្រេចចិត្តជិះរថយន្តតាក់ស៊ីពីស្រុកកំណើត មកដល់ភ្នំពេញបម្រុងលោតទឹកសម្លាប់ខ្លួនតែម្តង ត្រូវបានសមត្ថកិច្ចឃាត់ទាន់ពេលវេលា។

បន្ទាប់ពីសមត្ថកិច្ចឃាត់យកទៅសួរនាំរួចហើយ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ អាណិតអាសូរបាននាំគ្នាជូនជាថវិកាបន្តិចបន្តួច ទុកសម្រាប់ធ្វើដំណើរទៅស្រុកកំណើតវិញ។ ជាមួយគ្នានោះសមត្ថកិច្ចបានណែនាំ ឲ្យរកកន្លែងស្នាក់នៅឲ្យស្រួលបួល កុំគិតខ្លីអ៊ីចឹងទៀត រួចហើយឡើងជិះម៉ូតូឌុបចេញទៅបាត់ ៕


