នារីរូបស្រស់ទាស់សម្ដីជាមួយគ្រួសារ ចូលក្លឹបផឹកសុីឡើងស្រវឹងធ្លាក់ភ្នែក បើកឡានដូចហោះ បុករនាំងចែកទ្រូងផ្លូវ បាក់មួយកង់
-

ភ្នំពេញៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅជិតគល់ស្ពានអាកាសក្បាលថ្នល់ លើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ នារីវ័យក្មេងស្រស់ស្អាតម្នាក់ មិនស្គាល់ឈ្មោះ បានចូលក្លឹបកម្សាន្តរាំរែកផឹកស៊ីសប្បាយអស់ចិត្ត ទើបបើករថយន្តត្រឡប់មកផ្ទះវិញ ទាំងស្រវឹងស្រាដាប រួចរេចង្កូត ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ នៅគល់ស្ពានអាកាសក្បាលថ្នល់ វៀចអស់មួយកង់ និងរងការខូចខាតរថយន្តយ៉ាងដំណំ។ 

មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងរូបស្រស់ម្នាក់ បានបើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6486 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងស្រាជោកជាំ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់រេចង្កូតទៅខាងឆ្វេងដៃ ទៅបុករបាំងថ្មពុះចែកផ្លូវវៀចអស់មួយកង់ រីឯរថយន្តរងការខូចខាត បែកកង់មុខចំហៀងខាងឆ្វេង ផ្ទុះពោងសុវត្ថិភាពទាំង២ និងបែកកង់មុខខាងឆ្វេងទៅមុខលែងរួច។

នារីអ្នកបើកបររថយន្តបង្ក បានរៀបរាប់ទាំងជះក្លិនស្រាស្អុយហួងថា រូបនាងបានឈ្លោះគ្នាជាមួយអ្នកផ្ទះ ទើបចូលក្លឹបមួយកន្លែង ជាមួយមិត្តភក្តិផ្សេងទៀត និងផឹកស្រាដើម្បីកាត់សាញ រហូតស្រវឹងធ្លាក់ភ្នែកបែបនេះ។ លុះពេលនាងបើករថយន្តមកដល់ចំណុចកើតហេតុ គេចរ៉ឺម៉កមួយគ្រឿង ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវតែម្ដង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួននារីបើកបរ និងរថយន្តបង្ក យកទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕