លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ចេញមុខបកស្រាយជូនមហាជន រឿងដេកលង់លក់ ក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង កាលកន្លងទៅ
-

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ត្រូវបានគណនីហ្វេសបុកមួយ បង្ហោះវីដេអូខ្លីមួយ ពាក់ព័ន្ធទៅនិងការដេកលង់លក់មួយភាំង ក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ធ្វើឲ្យមហាជនជាច្រើន រិះគន់ខ្លាំងៗទៅលើលោក។

ក្នុងនោះដែរ លោក ជា ពីសី បានធ្វើការបកស្រាយសុំទោស ចំពោះបងប្អូនក្នុងបណ្ដាញសង្គម ដោយលោកបានរៀបរាបប្រាប់ថា "ប៉ុន្មានថ្ងៃមកនេះ ម្ដាយជរារបស់ខ្ញុំ អាយុ៨០ឆ្នាំ កំពុងមានជម្ងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។ កាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ ក្នុងនាមជាកូនកត្តញ្ញូមួយរូប ខ្ញុំតែងតែទៅមើលថែទាំ ម្ដាយរបស់ខ្ញុំ ស្ទើរតែរៀងរាល់យប់ ក្រោយបានសម្រាកពីការដឹកនាំការងាររដ្ឋបាលរួចមក"។ 

លោកបានបន្ដថា "គាប់ជួននៅយប់ថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ខ្ញុំបាទបានទៅមើលថែ ម្ដាយជរាឈឺធ្ងន់ រហូតដល់ម៉ោងជាង២យប់ រំលងអាធ្រាតថ្ងៃទី២៦ ខែមិថុនា ទើបនឹងបានសម្រាកប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៥ព្រឹក ខ្ញុំបាទត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីទៅដឹកនាំកម្លាំងមហាជន ចូលរួមកម្មវិធី នៅឯកោះពេជ្រទៀត"។

៉ខ្ញុំបាទសូមការអធ្យាស្រ័យ ពីសាធារណៈមតិ ទូទាំងប្រទេស ពិសេសខ្ញុំបាទសូមការអភ័យទោសដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនានេះ ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។ សូមអរគុណសម្រាប់ការដាស់តឿនក្នុងន័យស្ថាបនា" ៕