លោក ស សុខា សំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក ៣ខេត្ត
សីហា
-

កាលពីរសៀលថ្ងៃទី២៦ ខែមថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីន កោះពេជ្រ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា ក្នុងនាមលោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង ៣ខេត្តនេះ ធ្វើឡើងជារៀងរាល់ ៦ខែម្តង ក្នុងគោលដៅស្វែងយល់អំពីសុខទុក្ខគ្នាទៅវិញទៅមក ត្រួតពិនិត្យវឌ្ឍនភាពការងារកន្លងមក ស្តាប់បញ្ហាប្រឈម ដោះស្រាយ ឬបញ្ជូនទៅថ្នាក់កណ្តាល និងទទួលយកនូវការសំណូមផ្សេងៗ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្តទៀត ។

ជាលទ្ធផលពិធីសំណេះសំណាលខាងលើនេះ ប្រព្រឹត្តទៅយ៉ាងរលូន និងផុសផុល ដោយមានរបាយការណ៍ពីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង ៣ខេត្ត ការចែករំលែកបទពិសោធន៍ ការលើកជាសំណួរ ការសំណូមពរ និងការលើកនូវបញ្ហាប្រឈមនានា ពីសំណាក់អ្នកចូលរួមជាច្រើនគួរឲ្យកត់សម្គាល់ ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលខាងលើនេះ លោក ស សុខា ក៏បានរៀបចំអាហារសាមគ្គីជូនដល់ថ្នាក់ដឹកនាំទាំងអស់ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ប្រកបដោយភាពសប្បាយរីករាយ និងជិតស្និទ្ធក្រៃលែង ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីខាងលើនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង នុងខេត្តបន្ទាយមានជ័យ និងប្រធាន អនុប្រធានក្រុមការងារចុះជួយតាមស្រុក ក្រុង ព្រមទាំងប្រធាន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ក្រុងទាំង ៣ខេត្ត ប្រមាណជិត ២០០នាក់ ។