សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម យន្ត មីន ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ គីម ញ៉ យន្ត មីន ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារជនជាតិជប៉ុនឈ្មោះ Tomotaka Arai ដែលមានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងលោក ក្រូច សុធា រួមនិងភរិយា និងមានកូនម្នាក់ ជាបុគ្គលិកហាង បានរួចផុតជីវិត បន្ទាប់ពីអាគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋានរបស់ពួកគាត់ កាលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្ដែងនូវការចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដ៏រន្ធត់មួយនេះ ពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះ ឯកឧត្តម បានអំពាវនាវដល់ក្រុមគ្រួសាររបស់លោកTomoraka Arai សូមកុំអស់ង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីសេដ្ឋកិច្ចគ្រួសារឡើងវិញ។

អំណោយដែលបានផ្តល់ជូនដល់ក្រុមគ្រួសារលោកTomotaka Arai រួមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត៥ និងថវិកាចំនួន ៥,០០០,០០០រៀល។
ចំណែកគ្រួសារលោក ក្រូច សុធា ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត៥ និងថវិកាចំនួន ៤,០០០,០០០រៀលផងដែរ ៕


