មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី ចុះបិទទីតាំង​ផលិត​ទឹក​សុទ្ធ​ចំនួន​៣​កន្លែង ​ដែលធ្វើឲ្យប៉ះពាល់​ដល់សុខភាព​
-

មណ្ឌលគិរីៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ មន្ត្រី​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក សុខ ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត។ បានចុះបិទទីតាំង​ផលិត​ទឹក​សុទ្ធ​ចំនួន​៣​កន្លែង ក្រោយ​រក​ឃើញ​ថា ពួក​គេ​មិន​បាន​គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​ទៅ​លើ​សុខភាព​អ្នក​ប្រើប្រាស់។

លោក សុខ ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បានឱ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ពិសា​ដប ដោយ​ពិនិត្យ​ឃើញ​ថា សិប្បកម្ម​៣​កន្លែង​ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​ បាន​ដំណើរការ​ផលិត​គ្មាន​អនាម័យ និង​ចែកចាយ​ផលិតផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ។

ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​រក​ឃើញ​ថា ឧបករណ៍​ចម្រោះ​ទឹក​ដែល​ប្រើប្រាស់​នោះ ទាំង​បរិមាណ​ផលិត ទាំង​គុណភាព​ផលិត រួម​ទាំង​ទីតាំង​ផលិត គ្មាន​លក្ខណៈ​បច្ចេកទេស​ក្បួន​អនាម័យ​ទេ។ ម្យ៉ាងទៀត ខ្សែ​ចង្វាក់​ផលិតកម្ម​ច្រក​ដប និង​វេច​ខ្ចប់​របស់​សិប្បកម្ម​ទាំង​៣​កន្លែង​នេះ គឺ​មិន​អនុលោម​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ទឹក​ពិសា​ដប ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក​ពិសា និង​សុខភាព​អ្នក​ប្រើប្រាស់​នៅ​លើ​ទីផ្សារ ៕