ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូននារីដៃឆៅម្នាក់ មានឈ្មោះ សឿង ស្រីមួយ ភេទស្រី អាយុ២៦ឆ្នាំ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ដោយហេតុការណ៍នេះ បង្កឡើងកាលពីវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្នុងក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យបានធ្វើសកម្មភាព យកដបស្រាគប់ទៅលើស្ត្រីជនរងគ្រោះម្នាក់ទៀត ដែលកំពុងអង្គុយផឹកស្រា នៅសាឡុងក្បែរគ្នា ក្នុងក្លឹបហ្ស៊ូក បណ្តាលឲ្យរងរបួសបែកក្បាល ហូរឈាម (ដេរចំនួន១០ថ្នេរ) ក្រោយកើតហេតុភ្លាមៗ មិត្តភក្តិរបស់ជនរងគ្រោះម្នាក់ បានរត់ទៅប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ ចុះមកអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច នារីដៃដល់បានសារភាពថា មុនកើតហេតុ រូបនាងនិងមិត្តភក្ត្រ០២នាក់ទៀត បាននាំគ្នាទៅផឹកស្រាបៀរ និងរាំលេងនៅក្នុងក្លឹបហ្ស៊ូក រហូតដល់ប្រហែលម៉ោង២ៈ១០នាទីរំលងអធ្រាត្រ ក៏មានមនុស្សមួយក្រុមផ្សេងទៀត ដែលផឹកស៊ីអង្គុយសាឡុងក្បែរគ្នា បានគប់កែវគ្នាទៅវិញទៅមក បណ្តាលឲ្យត្រូវចំដៃរបស់នាង ភ្លាមនោះរូបនាងបានស្ទុះទៅយកដបស្រាមួយ នៅលើតុ គប់ទៅលើភាគីម្ខាងទៀត បណ្តាលឲ្យត្រូវនារីម្នាក់ បែកក្បាលហូរឈាម មួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចអាវុធហត្ថចូលមកឃាត់រូបខ្លួនតែម្តង។

បច្ចុប្បន្ន នារីជាជនដៃដល់ ពាក់ព័ន្ធប្រើហិង្សាដោយចេតនា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ៕