ព្រៃវែង៖ នៅកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ៤១៧នាក់ នៅវិទ្យាល័យ មេសាង ស្ថិតក្នុងស្រុកមេសាង ខេត្តព្រៃវែង ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ងិន បាណាល់ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងពង្រឹងវិស័យអប់រំនៅក្នុងស្រុកមេសាង របស់លោកអភិបាលស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក នាយរង លោកគ្រូ អ្នកគ្រូទាំងអស់ ដែលធ្វើឲ្យស្រុកមេសាង មានកិត្តិយសល្បីតាមរយៈលទ្ធផល នៃការប្រឡងសិស្សពូកែទូទាំងប្រទេស ជាក់ស្តែងឆ្នាំនេះ សិស្សនៅស្រុកមេសាង ទទួលបានមេដាយមាស លេខ១ ទូទាំងប្រទេសលើមុខវិជ្ជា រូបវិទ្យា ទាំងថ្នាក់ទី៩ និងទី១២ ។

លោកបណ្ឌិត ងិន បាណាល់ ក៏បានបន្តចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីការសិក្សា និងការជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ទាំង ៤១៧នាក់ ដែលបានចូលរួមក្នុងឱកាសនោះផងដែរ។
បើតាមលោក ទូច វណ្ណៈ ប្រធានគម្រោងវគ្គសិក្ខាសាលាខាងលើនេះ បានបញ្ជាក់ថា វគ្គសិក្ខាសាលានៅវិទ្យាល័យ មេសាង នាព្រឹកនេះ មឧទ្ទេសនាមដោយ លោក ទូច សុខៈ រូបលោកផ្ទាល់ លោក សក ឡី និងលោក ម៉ុក សុធា ។

លោក ទូច វណ្ណៈ បានបន្តទៀតថា គិតមកដល់ត្រឹមថ្ងៃនេះ វគ្គសិក្ខាសាលានេះ បានបញ្ចប់ចំនួន ៥ស្រុក ហើយចាប់ពីសប្តាហ៍ក្រោយ នឹងបន្តចំនួន ៨ស្រុក ក្រុងទៀត ទូទាំងខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ៖ វគ្គសិក្ខាសាលាស្តីពី”វិធីសាស្ត្ររៀនត្រមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ និងរៀបចំដោយក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង ។












