កណ្តាល៖ ពិតជាគួរឲ្យអាណិតណាស់ ទើបតែរៀបការនិងគ្នា ហើយចាប់ដៃគ្នាសាងជីវិតគូរបានបីខែ ស្រាប់តែមច្ចុរាជមិនមេត្តា បានផ្តាច់ជីវិតប្តី ដែលកំសត់កម្រ បន្សល់ទុកនូវភាពសោកសៅ ឲ្យប្រពន្ធ និងកូននៅក្នុងពោះម្តាយដែលទើបតែអាយុមួយខែ នៅឯការជាមួយកូនមួយពព្រិចភ្នែក។ ហេតុការណ៌ការនេះបានកើតឡើងនៅ ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ពេលជនរងគ្រោះជាស្វាមីដែលកំពុងធ្វើការនៅខេត្តកំពង់ស្ពឺ តែងជិះម៉ូតូទៅលេងភរិយានៅស្រុកសៀម ខេត្តកំពង់ចាមរៀងរាល់ប្រមាណ ៣ ទៅ៤ថ្ងៃម្តង លុះជិះត្រឡប់មកពីលេងភរិយាវិញ ក៏ជួបគ្រោះអកុសលដល់ជីវិតបែបនេះ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phy Channary បានរៀបរាប់យ៉ាងកំសត់ថា "អ៊ុំពិតជាមនុស្សស្រីម្នាក់ដែលអភព្វ័ពេកហេីយ?ពេលការកូនស្រី ប្តីត្រូវស្លាប់ក្នុងថ្ងៃការកូន?បន្ទាប់មកកូនប្រុសបន្ទាប់ពៅទៅស្រែពេលត្រឡប់មកវិញស្របពេលមានភ្លៀងក៏ត្រូវរន្ទះបាញ់ស្លាប់ទៀត?ដល់ឥលូវកូនប្រុសពៅទេីបរៀបការបានជិត៣ខែឯប្រពន្ធទេីបមានកូនក្នុងពោះ១ខែពេលជិះម៉ូតូត្រឡប់មកពីជួបប្រពន្ធវិញត្រូវម៉ូតូមកបុកហេីយមានឡានកិនពីលេីបន្ថែមទៀតទេីបស្លាប់"។
ប្រភពបានឲ្យដឹងថា បុរសជាស្វាមីនៃគ្រួសារថ្មោងថ្មីនេះមានឈ្មោះ សួង វិសាល អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសជាជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនាវេលាម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំកោះចិន បានឱ្យដឹងថា នៅមុនពេលកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1C-4747 ក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិស)។ លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងដែលមានទិសដៅពីកើត ទៅលិច (កំពង់ចាម-ភ្នំពេញ) បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតកើតហេតុ។
ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែម៉ូតូ។ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅជិតលំនៅឋានរបស់ជនរងគ្រោះ បានឱ្យដឹងថា បុរសជាជនរងគ្រោះនេះ ទើបរៀបការថ្មីថ្មោងជាមួយភារិយាដែលមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋរៀបរាប់បន្តថា ដោយសារតែភរិយាកំពុងតែរៀនបាក់ឌុបនៅឡើយនោះ ឪពុកម្តាយទាំងសងខាងទុកឱ្យភរិយានៅរៀនដោយមិនទាន់មករស់នៅជុំគ្នាក្នុងខេត្តកំពង់ស្ពឺនោះឡើយ។
មកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញជនបង្កហេតុនៅឡើយនោះទេ។ ក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវដល់សមត្ថកិច្ចតាមវែកមុខជនបង្កហេតុចូលមកដោះស្រាយទៅតាមផ្លូវច្បាប់។
ក្រឡេកទៅឯផ្ទះរបស់ជនរងគ្រោះវិញ រឹតតែសង្វេគថែមទៀត។ សង្វេគដោយសារតែស្ត្រីជាម្តាយរបស់ជនរងគ្រោះ និងមានជីវភាពខ្សត់ខ្សោយផងនោះ បានយំសោកសង្រេងជាខ្លាំង ព្រោះនេះសមាជិកទី៣ហើយក្នុងគ្រួសាររបស់គាត់ដែលបានចាកចោលរូបគាត់ជារៀងរហូត បន្ទាប់ពីស្វាមី និងកូនម្នាក់ផ្សេងទៀត៕