លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត ប្រតិកម្មលើក្រុមគ្រួសារខាងអ្នកបើករថយន្ត ដែលកំពុងគៀងគរគ្នាផ្តិតមេដៃប្តឹងសមត្ថកិច្ច វិញថា...
-

ខេត្តកំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ នៅលើស្ពានកំពង់បាយ កន្លងទៅ ។ សមត្ថកិច្ចពិនិត្យឃើញថា អ្នកបើកបរមានជាតិអាកុលក្នុងខ្លួនដល់ទៅ ០.៩៥ សមត្ថកិច្ចក៏បានស្ទួចរថយន្ត និងឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅកាន់តុលាការ  ស្រាប់ក្រុមគ្រួសារអ្នកបើកបររូបនោះ កំពុងតែនាំគ្នាផ្តិតមេដៃ ចង់ប្តឹងសមត្ថកិច្ចទៅវិញ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់លោក លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រតិកម្មភ្លាមៗ ថា "កំពុងល្បីថាក្រុមគ្រួសារដែលបើកឡានមានគ្រោះថ្នាក់ចរាចរណ៏នៅលើស្ពានកំពង់បាយ កាលពីថ្ងៃទី ២៤.០៦.២០១៩ ហើយមានជាតិ អាកុលក្នុងខ្លួនរហូតដល់ 0.95 កំពង់គៀងគរគ្នាផ្តិតមេដៃប្តឹងសមត្ថកិច្ចឬក៏ប្តឹងខ្ញុំក៏មិនដឹង ដែលឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅតុលាការ។ ប្រយ័ត្នខ្លួនបន្តិចអ្នកដែលអត់ដឹងច្បាប់ កុំចេះតែផ្តិតមេដៃតាមគេតាមឯង ដំបៅមិនឈឺកុំយកឈើរុក ប្រឹងតែរកសុីទទួលទានសំរាប់គ្រួសារខ្លួនឯងទៅ ហើយកុំធ្វើអ្វីដែលខុសច្បាប់ ។ ខ្ញុំរង់ចាំស្វាគមន៏ជានិច្ច អីក៏ខ្លាំងដៃម្លេះខុសហើយ នៅមកចង់ប្តឹងសមត្ថកិច្ចវិញទៀត ហាហាហា" ។


គួរបញ្ជាក់ផងដែរថា ករណីកើតហេតុខាងលើបានកើតឡើង ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៨និង ២០ នាទីយប់ ដោយកើតឡើងរវាងរថយន្តនិងម៉ូតូមានទិសដៅផ្ទុយគ្នា នៅលើស្ពានកំពង់បាយ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានស្ទួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន៕


ប្រភព៖ Mao Chanmathurith