មហាជនរិះគន់តុលាការក្រុងភ្នំពេញ ជាង១ឆ្នាំកន្លះ មិនទាន់រកយុត្តិធម៌ឲ្យលោកស្រី នួន ស្រីពៅ
ស៊ីហៀង
-


ភ្នំពេញ ៖ ជិតមួយឆ្នាំកន្លះទៅហើយ រឿងអយុត្តិធម៌របស់លោកស្រី នួន ស្រីពៅ នៅតែមិនទាន់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសាវនាកាជំនុំជំរះ រកយុត្តិធម៌នៅឡើយ ។

មហាជនដែលតាមដានសាច់រឿងនេះ បានទូរស័ព្ទសាកសួរភ្នាក់ងារ ខ្មែរញូញូស ជារឿយៗ ពីការសម្រេចរបស់តុលាការក្រុងភ្នំពេញ ដោយពួកគាត់លើកថា ៖ បើរឿងអយុត្តិធម៌មួយ ដែលកើតឡើងតាំងពីខែមករា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះជិតមួយឆ្នាំកន្លះទៅហើយ នៅតែមិនទាន់ដោះស្រាយទៀត តើពលរដ្ឋសង្ឃឹមទទួលបានយុត្តិធម៌បែបណាទៅ? បើយូរម្លឹងៗ។

បើយោងតាមអ្នកខមិនជាច្រើន បានបង្ហាញអារម្មណ៍ស្រដៀងៗគ្នាថា ប្រហែលជាជនរងគ្រោះគ្មានលុយឲ្យតុលាការ ហើយជនបង្កគេមានលុយ ឲ្យតុលាការ ឬក៏ជនបង្កគេមានបក្ខពួកនៅតុលាការ ទើបរឿងអយុត្តិធម៌នេះ មិនងាយដោះស្រាយបែបនេះ ?

ផ្អែកទៅលើដីការបញ្ជូនសំណុំរឿងឲ្យពិនិត្យ លេខ ១៩៦ “ស” ព្រ.ទ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនសំណុំរឿងលោកស្រី នួន ស្រីពៅ ដែលជាជនរងគ្រោះទៅតំណាងអយ្យការ ដើម្បីសន្និដ្ឋាន ឬផ្តល់យោបល់ទៅតាមនីតិវិធី ។

បន្ទាប់មកក៏មានដីកាសន្និដ្ឋានស្ថាពរ លេខ ១៤៧៦ អ.យ.ឃ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ របស់លោក ប្លង់ សុផល តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេច ប្តឹងសុំឲ្យចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទឈ្មោះ ជា សាវុធ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ (នៅក្រៅឃុំ) ទៅជំនុំជំរះ ។

បើផ្អែកទៅលើដីកាបញ្ជូនសំណុំរឿងឲ្យពិនិត្យ របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ និងដីកាសន្និដ្ឋានស្ថាពរ របស់លោក ប្លង់ សុផល តំណាងអយ្យការ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខាងលើនេះ គួរណាស់សំណុំរឿងអយុត្តិធម៌ របស់លោកស្រី នួន ស្រីពៅ ត្រូវបានបើកសាវនាការជំនុំជំរះ ជាយូរហើយ ឬក៏ឆាប់ៗនេះ ប៉ុន្តែរហូតមកដល់ពេលនេះស្ងាត់ឈឹង ។

ចំណែកឯលោកស្រី នួន ស្រីពៅ ដែលជាជនរងគ្រោះវិញ បានសំដែងអារម្មណ៍ថា លោកស្រី និងក្រុមគ្រួសារ ស្ទើរតែអស់សង្ឃឹមក្នុងការរង់ចាំទទួលបានយុត្តិធម៌ពីតុលាការក្រុងភ្នំពេញ ទៅហើយមកដល់ពេលនេះ ។

បើយោងតាមព័ត៌មានចុងក្រោយ ដែល ខ្មែរញូញូស ទទួលបាន សាច់រឿងអយុត្តិធម៌របស់លោកស្រី នួន ស្រីពៅ ត្រូវបានលោក ធាន ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ បញ្ជូនសំណុំរឿងទៅជំរះមួយរយៈពេលហើយ ប៉ុន្តែមកដល់ពេលនេះ នៅតែមិនទាន់ដឹងថា គេបើកសាវនាការជំនុំជំរះរកយុត្តិធម៌ពេលណានៅឡើយ ធ្វើឲ្យជនរងគ្រោះ ( លោកស្រី នួន ស្រីពៅ ) រស់នៅរងការភិតភ័យជារៀងរាល់ថ្ងៃ ដោយជនបង្កនៅក្រៅឃុំ ជនបង្ក នៅផ្ទះជិតជនរងគ្រោះ ផឹកស៊ីស្ទើររាល់យប់ ។

សូមរំលឹកថា រឿងអយុត្តិធម៌របស់លោកស្រី គឺបានកើតឡើងជាង ១ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសាវនាការជំនុំជំរះនៅឡើយទេ ។

ភាពអយុត្តិធម៌របស់លោកស្រី នួន ស្រីពៅ គឺករណីគំរាមកំហែងបាញ់សម្លាប់ និងជេរប្រមាថជាសាធារណៈ ដែលប្រព្រឹត្តដោយឈ្មោះ ជា សាវុធ នៅមុខផ្ទះលេខ៥ ផ្លូវ៣៣១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ។

បើតាមលោកស្រី នួន ស្រីពៅ អាយុ ៤១ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ៣១៣ ភូមគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជនរងគ្រោះ បានរៀបរាប់ពីដំណើររឿងយ៉ាងដូច្នោះថា ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ម៉ោងប្រហែលជា ៩ និង ៣០នាទីយប់ ឈ្មោះ ជា សាវុធ បាននាំគ្នាផឹកស៊ីច្រៀងខារ៉ាអូខេ ក្នុងសំលេងធុងបាសខ្លាំងៗ ស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៣៣១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យចៅតូចរបស់លោកស្រី ដែលមានផ្ទះនៅជាប់គ្នានោះ ស្រែកយំយ៉ាងខ្លាំង ធ្វើឲ្យលោកស្រី នួន ស្រីពៅ ទ្រាំមិនបានក៏ដើរប្រាប់ក្រុមអ្នកផឹកស៊ីទាំងនោះ ឲ្យបន្ថយសំលេងធុងបាសបន្តិច ភ្លាមៗនោះស្រាប់តែ ឈ្មោះ ជា សាវុធ គ្រាន់តែចាក់ធុងបាសប៉ុណ្ណឹង ចាំឲ្យបិទ លឺដូចនេះ លោកស្រី នួន ស្រីពៅ ក៏បានទៅសួរនាំឈ្មោះ ជា សាវុធ ក៏ត្រូវឈ្មោះ ជា សាវុធ ជេរថា “ មីថោក ង៉ែងថោកជាងអាចម៌” រួចឈ្មោះ ជា សាវុធ ក៏បានស្រែកប្រាប់ប្រពន្ធឲ្យទៅយកកាំភ្លើងម៉ាក ៥៤ មកបាញ់លោកស្រី នួន ស្រីពៅ ចោល ដោយនិយាយដដែលៗជាច្រើនដង ហើយក៏ត្រូវអ្នកជិតខាងទីនោះ បំបែកឲ្យចូលផ្ទះរៀងៗខ្លួន ។

លោក នួន ស្រីពៅ បន្តថា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានកោះហៅលោកស្រី និងឈ្មោះ ជា សាវុធ ទៅសម្របសម្រួល ជាលទ្ធផលឈ្មោះ ជា សាវុធ សុខចិត្តទទួលការសុំទោស និងផ្តល់សំណងទៅលើការខាតបង់ផ្លូវចិត្ត ចំនួន ៥០០ដុល្លារ ដោយបានប្រើពាក្យគំរាមយកកាំភ្លើង ប៉ះពាល់ទៅលើលោកស្រី នួន ស្រីពៅ នោះ ។ ប៉ុន្តែលោក នួន ស្រីពៅ មិនយល់ព្រម ក៏បន្តប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញទៀត។

បើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរ លេខ ៣២៥៤ អ.យ.ឋ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរលើអង្គហេតុ និងស្នើសុំ “ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ” ឈ្មោះ ជា សាវុធ ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទ ៖ គំរាមកំហែងថានឹងសម្លាប់ និងជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនៅមុខផ្ទះលេខ៥ ផ្លូវលេខ៣៣១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ២៣៣ និងបញ្ញត្តិមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ដោយ ដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ជា សាវុធ ភេទប្រុស អាយុ ៣៩ឆ្នាំ” ។

ក្រោយមកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល លោកស្រី នួន ស្រីពៅ បានទៅជួបចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺដំណើររឿង តាមដីកាកោះ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ ធាន ច័ន្ទពិសិដ្ឋ ។

ជាថ្មីម្តងទៀត លោកស្រី នួន ស្រីពៅ អំពាវនាវសុំឲ្យលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ឲ្យបានឆាប់ៗផង ព្រោះរាល់ថ្ងៃនេះ លោកស្រី និងក្រុមគ្រួសារ កើតក្តីព្រួយបារម្ភគ្រប់ពេល ដោយខ្លាចឈ្មោះ ជា សាវុធ បាញ់សម្លាប់ ដូចការគំរាមកំហែងមែន៕