ក្រុងព្រះសីហនុ៖រាប់ទសវត្សរ៍មកហើយពុំមាននរណាម្នាក់ហ៊ានសង់សំណង់ឬបើកហាងលក់ដូរនៅលើដីច្រមុះជ្រូកដ៏ធំមួយនៅទល់មុខតោពីរកណ្តាលក្រុងព្រះសីហនុឡើយ ព្រោះអ្នករស៊ីមានជំនឿថា ជំនួញរបស់គេអាចនឹងត្រូវវិនាសឬខាតឡុងចុង ព្រោះរូបសំណាកតោពីរសំឡឹងចំពីមុខនឹងធ្វើឱ្យហុងស៊ុយធ្លាក់ ប៉ុន្តែដោយសារដីនៅក្រុងព្រះសីហនុឡើងថ្លៃហួសពីការស្មាន និងពិបាករកកន្លែងល្អៗបានតទៅទៀត ក្រុមហ៊ុនចិនក៏ជំនះកសាងអគារដ៏ធំមួយ តែរកមធ្យោបាយការពារ ដោយសង់រូបសំណាកដំរីចំនួន៥ដើម្បីទប់ទល់មហិទ្ធិរិទ្ធដ៏ខ្លាំងខ្លារបស់តោទាំងពីរ។ យោងតាមឯកសារសត្វ សត្វដំរីអាចសំលាប់តោបាន ហើយដំរីមួយអាចទប់ទល់ជាមួយតោញីចំនួន៧ ឬតោឈ្មោលពីរទើបអាចសំលាប់សត្វដំរីមួយបាន។

មានរឿងដំណាលជាច្រើនស្តីពីចៅហ្វាយខេត្តព្រះសីហនុដែលខ្លាចតោស៊ីឱ្យធ្លាក់ពីដំណែង។ នៅពេលមួយនោះមានចៅហ្វាយខេត្តមួយរូបដាច់ចិត្តអញ្ជើញគ្រូទាយមកពីហុងកុងដើម្បីរកវិធីទប់ដំណែងគាត់។ គ្រូហុងស៊ុយនោះបានឱ្យឳវាទថាត្រូវតែដាក់គ្រាប់ឃ្លីចូលក្នុងមាត់តោដើម្បីកុំឱ្យខាំបាន។ កាលដើមឡើយរូបសំណាកតោហាមាត់ពុំមានគ្រាប់ឃ្លីនៅខាងក្នុងឡើយ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអង្កេតមួយរបស់ខ្ញុំតែប៉ុណ្ណោះ រីឯជំនឿជារឿងរបស់បុគ្គល ព្រោះអ្នកមានគេមិនជឿលើជំនឿអរូបីយ៍ណាដែលគ្មានហេតុផលច្បាស់លាស់នោះទេ ឧទាហរណ៍៖ ក្នុងនោះក៏មានអ្នកសង់ផ្ទះចំផ្លូវដែលបុកចំពីមុខដែរ ហើយធ្វើឱ្យគេកាន់តែមានជាងមុន ....៕

