លោកឧត្តមសេនីយ៍ អេង ហ៊ី ស្នើរសូមប្រជាពលរដ្ឋទាំងអស់ ផ្លាស់ប្តូរផ្នត់គំនិត ឈប់កាប់ព្រៃឈើ បកមកប្រកបមុខរបរស្របច្បាប់វិញ...
ស៊ីហៀង
-

សេចក្តីប្រកាសព័ត៏មានស្តីពី​ការអនុវត្តវិធានការទៅលើបុគ្គល ឬក្រុមហ៊ុន និងមធ្យោបាយ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ​ថា ៖គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព។ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស យើងនឹងអនុវត្តវិធានការដូចក្រោម៖


ទី១- បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។

ទី២- មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ...) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។


អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមមេត្តាជ្រាប និងបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ។


ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ ក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ផ្លាស់ប្តូរផ្នត់គំនិតពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។


ប្រភព៖ Khan Chan Sophal