លុយច្រើនណាស់...ចាប់ខ្លួនមន្ត្រីកងអង្គរក្សម្នាក់ ពាក់ព័ន្ធពីបទលួចលុយជាង២លានដុល្លារអាមេរិក...
ស៊ីហៀង
-

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនមន្ត្រីបម្រើការងារនៅនាយកដ្ឋានកងអង្គរក្សម្នាក់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់ពីបទលួចលុយជាង២លានដុល្លារអាមេរិក ហើយខណះពេលនេះសមត្ថកិច្ចរកឃើញលុយជាក់ស្ដែងចំនួន២៥ម៉ឺនដុល្លារអាមេរិកនៅផ្ទះរបស់ជនសង្ស័យ ស្ថិតទីតាំងនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។


ជនសង្ស័យខាងលើមានឈ្មោះ អៀម សំអន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយោធា បម្រើការងារនៅនាយដ្ឋានកងអង្គរក្សមានឋានៈអនុសេនីយ៍ឯក មុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខមានទីលំនៅផ្ទះសង់ថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ទីដែលសមត្ថកិច្ចចាប់ខ្លួន ។


យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា នេះថា សមត្ថកិច្ចខណ្ឌសែនសុខបានសហការចាប់ខ្លួនជនសង្ស័យពិតប្រាកដមែន ដែលពេលនេះ ជនសង្ស័យត្រូវបានបញ្ជូនទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ។ តែពាក់ព័ន្ធរឿងអ្វីឲ្យពិតប្រាកដនោះ ប្រភពព័ត៌មាន មិនបានដឹងនោះទេ ។


ប្រភពដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួនជនសង្ស័យម្នាក់នេះ ធ្វើឡើងតាមបណ្តឹងជនរងគ្រោះ ដែលប្តឹងទៅក្រសួងមហាផ្ទៃថា បានបាត់លុយ២លាន៤០ម៉ឺនដុល្លារ ដែលកាលពីម្សិលមិញនេះ សមត្ថកិច្ចបានចាប់ខ្លួនបក្ខពួករបស់គេម្នាក់នៅខណ្ឌចំការមនរកឃើញលុយជាង១០ម៉ឺនដុល្លារ និងបន្តស្រាវជ្រាវមកចាប់ខ្លួនជនម្នាក់នេះទៀត គឺ ឈ្មោះ អៀម សំអន រកឃើញលុយ២៥ម៉ឺនដុល្លារសុទ្ធតែ ក្រដាសប្រាក់១០០ដុល្លារ សុទ្ធចំនួន២៥ដុំ ដែលគេទុកនៅក្នុងផ្ទះ និងដកហូតអាវុធខ្លី១ដើម ម៉ាកkimBer លេខសម្គាល់ 1765 មានគ្រាប់ចំនួន៨នៅក្នុងបង់ និងវិទ្យុទាក់ទង១គ្រឿង រួមទាំងឯកសារផ្ទាល់ខ្លួនពាក់ព័ន្ធអង្គភាពបម្រើការងារនៅនាយកដ្ឋានអង្គរក្សផងដែរ ។


បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចកំពុងតែបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីតាមចាប់បក្ខពួករបស់គេ និងរកលុយដែលបានបាត់រាប់លានដុល្លារនោះមកវិញផងដែរ ៕


ដោយ៖ ភារ៉ា