សូមចូលលរួមត្រេកអរផង...លោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិការពេញមួយឆ្នាំ ដល់ប្អូនប្រុសលក់កញ្ឆេតតាមផ្លូវ ដើម្បីយកទៅសិក្សា ក្នុងមួយខែទទួលបាន...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងការងារមនុស្សធម៌ បានបង្ហោះសារយ៉ាងវែងថា​៖ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩  លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានចាត់ឲ្យក្រុមការងារមនុស្សធម៌ចុះសាកសួរសុខទុក្ខ និងនាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែករំលែកការលំបាក ដល់គ្រួសារក្រីក្រ មួយគ្រួសារ ដែលកំពុងជួបជីវភាពខ្វះខាតយ៉ាងខ្លាំង រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយក្តីអាណិត អាសូរ ពីស្ថានភាពរស់នៅរបស់គ្រួសារប្អូនប្រុស មានឪពុកឈ្មោះ ទួច អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ កែវ គឹមសាន អាយុ២៩ឆ្នាំ មានជំងឺហឺតប្រចាំកាយធ្វើការអ្វីមិនកើត ស្នាក់នៅផ្ទះជួល មានកូនក្នុងបន្ទុកចំនួន ៤នាក់។ កូនប្រុសច្បងមានឈ្មោះ នាង រដ្ឋនី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៣ ក្រោយចេញពីសាលារៀន ឆ្លៀតពេលទៅទទួលបន្លែពីគេ ដឹកនឹងកង់ជិះលក់តាមភូមិ។

អំណោយដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងការងារមនុស្សធម៌ ដែលបានផ្តល់ជូនរួមមាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេស ទឹកដោះគោ២កេសធំ ទឹកសុីអុីវ៣យួរ វិទ្យុ១គ្រឿង សំលៀកបំពាក់ កាតាប ប៊ិកសៀវភៅ ខ្មៅដៃ សម្ភារប្រើប្រាស់ប្រើក្នុងផ្ទះមួយចំនួនធំ និងថវិកាចំនួន ៥០ម៉ឺនរៀលជារៀងរាល់ខែ គឺឧបត្ថម្ភពេញមួយឆ្នាំ ហើយថវិកាទាំងអស់នោះ បានរៀបចំទុកដាក់នៅធនាគារ(ABA)ក្នុងឱកាសនោះដែរក្រុមការងារតំណាងឱ្យលោកជំទាវ ហ៊ុន ម៉ាណា បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យក្មួយៗ ចៅៗ ខិតខំរៀនសូត្រឲ្យបានពូកែ ចំណែកឯឪពុកម្តាយវិញត្រូវខិតខំផ្តល់ឱកាសឲ្យកូនបានទៅរៀនគ្រប់ៗគ្នា និងឈប់ឱ្យកូនដឹកបន្លែលក់ដូចមុនទៀត ដេីម្បីឱ្យកូនទាំង៤នាក់នេះមានឱកាសរៀនសូត្រឱ្យបានពេញលេញ។ 

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ព្រមទាំងអរគុណ ចំពោះលោកជំទាវ និងក្រុមការងារដែលបានជួយដល់ គ្រួសាររបស់ប្អូន ដែលដើរលក់កញ្ឆេត ដើម្បីយកប្រាក់ទៅរៀន និងចិញ្ចឹមគ្រួសារ៕

          

ប្រភព៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងការងារមនុស្សធម៌