មួយរយៈពេលចុងក្រោយមកនេះ មានបងប្អូនខ្មែរយើងជាច្រើនបានបង្ហាញស្នាដៃរបស់ខ្លួន និងជំនាញរបស់ខ្លួន ដែលជាទេពកោសល្យពិតៗ អមជាមួយក្បាច់រចនា យ៉ាងល្អស្អាត ប្រៀបដូចបានឃើញរូបភាពពិតៗ ។ វិចិត្រករម្នាក់ដែលមានឈ្មោះថា អេង សំអាត បានគូរគំនូរផុសនៅវត្តឥទិ្ធញ្ញាណ ហៅ វត្តក្រោម ក្នុងក្រុងព្រះសីហនុ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីបានបង្ហាញស្នាដៃដ៏ល្អឯក ដើម្បីជូនបងប្អូនបានទស្សនា ពីទឹកដៃដ៏ល្អ ផុសចេញពីការច្នៃកូនខ្មែរពិតៗ។

រូបភាពនេះត្រូវបានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Khmer Architectural បានបង្ហោះសាររូបភាពរបស់លោកពូ ពេលកំពុងតែគូរ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ទ្រាំមិនកោតសរសើរមិនបាន នូវស្នាដៃរបស់លោកពូ ។ នៅក្នុងគណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "ស្នាដៃចម្លាក់លៀនលើជញ្ជាំងរបស់កូនខ្មែរ ពិតជាស្អាតណាស់សូមជួយគាំទ្រនិងជួយ share ចែករំលែកផង ស្ថិតក្នុងវត្តក្រោម ក្រុងព្រះសីហនុ ស្នាដៃ : អេង សំអាត លេខទូរស័ព្ទ :099348883 0972888819"។

រូពភាពជាង១០ផ្ទាំងនេះ បានបង្ហាញពីស្នាដៃចម្លាក់លៀនលើជញ្ជាំងរបស់កូនខ្មែរយើង ។ មនុស្សមិនតិចទេដែលបានសរសើរពីស្នាដៃខ្មែរ នាពេលកន្លងមក ព្រោះតែទឹកដៃរបស់បុព្វបុរសខ្មែរបានបន្សល់ទុកដល់ក្មេងជំនាន់ក្រោយ ឲ្យបានឃើញថាខ្មែរយើងអស្ចារ្យយ៉ាងណា។ រូបចម្លាក់នីមួយៗ ពិតជាមានភាពស្រស់ស្អាត មិនថាចម្លាក់លៀន ឬចម្លាក់ផ្សេងៗ គឺសុទ្ធសឹងតែជារូបចម្លាក់ដ៏ល្អឥតខ្ចោះ គ្មានអ្វីមកប្រៀបប្រដូចបាន៕


















ប្រភព៖ Khmer Architectural